(ភ្នំពេញ)៖ ម្ចាស់ផលិតកម្ម Galaxy Navatra គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមហាជនគ្រប់ស្រទាប់វណ្ណៈស្គាល់ថា ជាអ្នកឧកញ៉ាវ័យក្មេងចិត្តធម៌នោះ បានបង្ហាញពីមហិច្ឆតារបស់ខ្លួន លើវិស័យផលិតចម្រៀង និងភាពយន្តនៅក្នុងប្រទេសកម្ពុជា ដោយបានបញ្ជូនបុគ្គលិករបស់ខ្លួន ដើម្បីបានទៅសិក្សាផ្នែកសំឡេង និងវីដេអូ នៅក្នុងប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីឲ្យអ្នកទាំងនោះ មករៀបចំបច្ចេកទេសសំឡេង និងបច្ចេកទេសវីដេអូ ឲ្យមានលក្ខណៈស្ដង់ដាកម្រិតពិភពលោក នៅក្នុងប្រទេសកម្ពុជា ពេលបញ្ចប់ការសិក្សា។

អ្នកឧកញ៉ាវ័យក្មេងលេចធ្លោរ ក្នុងការងារជួយដល់សង្គម ឡេង ណាវ៉ាត្រា បានបញ្ជាក់ជាផ្លូវការក្នុងបណ្ដាញសង្គមរបស់ខ្លួន បង្កឲ្យមានការចាប់អារម្មណ៍ ពីសំណាក់មហាជន និងអ្នកសិល្បៈ នាយប់មិញនេះថា «គោលដៅខ្ញុំ និងការសំឡឹងដោយក្តីរំពឹង Galaxy Navatra នឹងក្លាយជាគូប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជាមួយបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុបនៅលើវិថីនៃសិល្បៈភាពយន្ត រួមទាំងចម្រៀងសម័យទំនើប និងបុរាណ។ ខ្ញុំបានបញ្ជូនបុគ្គលិកផ្នែកសោន (សំឡេង) និងវីដេអូឲ្យរៀននៅអង់គ្លេស អាមេរិកដើម្បី រៀបចំសោនម៉ាស្ទ័រតាមស្ដង់ដារពិភពលោកនៅកម្ពុជា ហើយបើកសាលាបណ្តុះបណ្តាលនៅភ្នំពេញ និងនៅបាត់ដំបង»

ម្ចាស់ផលិតកម្ម Galaxy Navatra រូបនេះ បានបន្តថា «ជ្រើសរើសអ្នកមានសមត្ថភាព និងឆន្ទៈដោយឲ្យក្រុមការងារផលិតផ្សារភ្ជាប់យ៉ាងយកចិត្តទុកដាក់ រៀនសូត្របន្ថែម ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជំរុញវប្បធម៌យើងឲ្យកាន់តែអស្ចារ្យក្នុងសម័យ ដែលប្រទេសយើងកំពុងតែអភិវឌ្ឍលើគ្រប់វិស័យ។ ហើយសមិទ្ធផលទាំងអស់នោះ នឹងក្លាយជាសមិទ្ធផលរបស់យើងទាំងអស់គ្នា។ សម្រាប់បងប្អូនដែលមានឆន្ទៈចូលរួម ក្រុមការងារអាចសហការ ឬផ្លាស់ប្ដូរយោបល់គ្នាបាន»

ជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា ឆាប់ៗនេះយើងនឹងរៀបចំកន្លែង សោនម៉ាស្ទ័រ Office ស្តង់ដារពិភពលោក ដែលរៀបចំដោយជនជាតិសាំងហ្គាពួរ។ សូមអរគុណដល់ក្រុមហ៊ុន Morgan ដែលជាដៃគូដ៏ល្អ។

សូមបញ្ជាក់ថា ផលិតកម្ម Galaxy Navatra តែងតែផលិតនូវបទចម្រៀងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចេកទេសសំឡេង ការកាត់ត ខ្លឹមសារ និងលក្ខណៈពិសេសផ្សេងៗជាច្រើនទៀត។ ជាពិសេសផលិតកម្ម បានចំណាយថវិកានាំយកនូវកាមេរ៉ារ៉ូបូត ដែលមានតម្លែប្រមាណជាង ២០ម៉ឺនដុល្លារ ដើម្បីសម្រួលដល់សង្វាក់ផលិតកម្ម នៅក្នុងការផលិតបទចម្រៀងបំពេញតាមសេចក្ដីត្រូវការរបស់ទីផ្សារ ប្រកបដោយគុណភាពខ្ពស់ទៀតផង៕