(ពោធិ៍សាត់)៖ មហាសេដ្ឋីប្រាក់លានរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ម្នាក់ទៀតហើយដែលបានឈ្នះរង្វាន់ធំនូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល ឈ្មោះ ចក់ កុសល្យ ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នជាកម្មករស៉ីឈ្នួលធ្វើសំណង់ រស់នៅជាមួយឪពុកម្ដាយក្នុងភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

យុវជន ចក់ កុសល្យ ដែលបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានប្រាប់ឱ្យដឹងថា ដោយសារតែជីវភាពគ្រួសារមានភាពខ្វះខាតខ្លាំង ខ្លួនបានបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៩ ហើយទៅស៉ីឈ្នួលធ្វើជាកម្មករសំណង់ជាមួយឪពុក ដែលរកបានចំណូលត្រឹមជាង ៣ម៉ឺនរៀលក្នុងមួយថ្ងៃ ដើម្បីយកមកជួយសម្រាលបន្ទុកគ្រួសារ និងផ្គត់ផ្គង់ឱ្យប្អូនចំនួន ២នាក់ បន្តការសិក្សា ខណៈដែលម្ដាយមានមុខរបរលក់អីវ៉ាន់នៅផ្ទះតែបន្តិចបន្តួចតែប៉ុណ្ណោះ។

ម្ចាស់រង្វាន់ប្រាក់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវរូបនេះ បានប្រាប់ឱ្យដឹងទៀតថា៖ «ជារៀងរាល់ថ្ងៃ នៅពេលចេញទៅការដ្ឋានសំណង់ ខ្ញុំតែងយកភេសជ្ជៈ ខារ៉ាបាវ ១ ឬ ២ កំប៉ុងពីកន្លែងលក់របស់ម្ដាយទុកទទួលទានក្រោយពេលអស់កម្លាំងពីការងារ។ ដោយឡែកសម្រាប់ការត្រូវរង្វាន់នេះ គឺជារឿងដែលមិននឹកស្មានដល់នោះឡើយ ដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលត្រឡប់មកពីការដ្ឋានសំណង់វិញ ខ្ញុំបានយកភេសជ្ជៈខារ៉ាបាវ ដែលសល់ពីការដ្ឋានគាស់ទទួលទាន។ លុះពេលគាស់ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលតែម្ដង។ ពេលឃើញភ្លាម ខ្ញុំបានប្រាប់ឪពុកឱ្យបានដឹងមុនគេ ហើយបន្តប្រាប់ក្រុមគ្រួសារ និងញាតិជិតខាង ទើបទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមាននៅក្រវិលកំប៉ុងស្រាប់តែម្ដង»

យុវជន ចក់ កុសល្យ បានបញ្ជាក់ប្រាប់ថា ទឹកប្រាក់១០០លានរៀលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិត ហើយក្រោយពេលទទួលបាននឹងយកប្រគល់ជូនឪពុកម្ដាយ ដើម្បីសាងសង់ផ្ទះសម្រាប់រស់នៅ និងជួយទំនុកបម្រុង ប្អូនៗឱ្យបានរៀនបន្ត ហើយនៅសល់ប៉ុន្មានទុកសម្រាប់ បង្កើតអាជីវកម្មប្រចាំគ្រួសារ ហើយនឹងដកយកមួយចំនួនតូចសម្រាប់ចូលរៀនជំនាញជាជាងថតរូប។

ជាចុងក្រោយ យុវជន ចក់ កុសល្យ ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ មានលុយគ្រប់គ្រាន់ហ្នឹងគេ៕