(ភ្នំពេញ)៖ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានដាក់ក្ដីរំពឹងខ្ពស់លើប្រភេទកីឡាថ្មី Finswimming សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយក្នុងនាមម្ចាស់ផ្ទះ លោកមានគោលដៅចង់ឈ្នះមេដាយមាសលើវិញ្ញាសានេះ បន្ទាប់ពីក្រុមជម្រើសជាតិរបស់ខ្លួន ដណ្ដើមបានមេដាយសំរឹទ្ធលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម។

លោកបានបញ្ជាក់ថា សហព័ន្ធបានត្រៀមកីឡា ៤ប្រភេទ ក្នុងការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា រួមមានប្រភេទកីឡាហែលទឹក, Finswimming, លោតទឹក និងបាល់ទឹក (Water Polo)។ ប៉ុន្ដែក្នុងនាមអ្នកបច្ចេកទេស លោកសម្លឹងឃើញធនធានកីឡាករ-កីឡាការិនីវ័យក្មេង នៃប្រភេទកីឡា Finswimming កំពុងមានសញ្ញាណល្អ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីពួកគេធ្វើបានល្អប្រសើរ សម្រាប់ការចូលរួមប្រកួតលើកដំបូង ក្នុងស៊ីហ្គេម នៅវៀតណាម។

លោកថា «នេះជាចំណុចវិជ្ជមានមួយ ហើយអ្វីដែលយើងគិត ក្នុងនាមជាអ្នករៀបចំ និងក្នុងនាមម្ចាស់ផ្ទះ យ៉ាងហោចណាស់ក៏យើងត្រូវរំពឹងឲ្យទទួលបានលទ្ធផលកាន់តែល្អជាងនេះ (ខ្ពស់ជាងមេដាយសំរឹទ្ធ) ជាក់ស្ដែងការរំពឹងទុករបស់យើង គឺកម្រិតមេដាយ យើងចង់កើនដល់មេដាយមាស។ ប៉ុន្ដែសម្រាប់រយៈពេលជិត ១ឆ្នាំនេះ យើងនឹងព្យាយាមជំរុញសមត្ថភាពកីឡាករ-កីឡាការិនី ដោយផ្ដោតលើកម្មវិធីហ្វឹកហាត់ និងការផ្ដល់ឱកាសឲ្យពួកគាត់ចូលរួមការប្រកួតឲ្យបានច្រើន»

ការដាក់គោលដៅចង់បានមេដាយមាសនេះ មិនមែនគ្រាន់តែនឹកឃើញហើយនិយាយនោះទេ តែជាការអនុវត្ត និងមានផែនការច្បាស់លាស់ ដែលសហព័ន្ធកំពុងធ្វើការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីគ្រប់វិញ្ញាសា មិនថាតែ Finswimming ឡើយ។ លើសពីនេះ សហព័ន្ធក៏កំពុងធ្វើការជាមួយគណៈកម្មាធិការជាតិ CAMSOC ដើម្បីស្នើបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពបន្ថែមត្រៀមស៊ីហ្គេមឆ្នាំក្រោយទៀតផង។ លោក ហែម គិរី បន្ថែម៕