(អាមេរិក)៖ តារាចម្រៀងល្បីឈ្មោះសញ្ជាតិកាណាដា លោក Justin Bieber ដែលកាលពីខែមុន បានប្រកាសថា កើតជំងឺម្យ៉ាងឈ្មោះថា Ramsay Hunt ប៉ះពាល់ដល់សរសៃប្រសាទក្នុងត្រចៀក និងមុខ នាំឲ្យមុខរបស់លោកផ្នែកខាងឆ្វេងស្ពឹកមិនអាចបញ្ជាបាន រហូតឈានដល់ប្រកាសផ្អាកកម្មវិធីសិល្បៈផ្ទាល់ខ្លួននោះ នៅពេលនេះ ហាក់ធ្វើឲ្យអ្នកគាំទ្រមានការរីករាយយ៉ាងខ្លាំង បន្ទាប់ពីលោកបានសម្រេចវិលមកវិញ នូវដំណើរប្រគំតន្ត្រីទេចរណ៍ពិភពលោករបស់ខ្លួន ដោយចាប់ផ្តើមពីខែនេះតែម្តង។

បើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា តារាចម្រៀងប៉ុបវ័យ២៨ឆ្នាំរូបនេះ នឹងបន្តដំណើរប្រគំតន្ត្រីទេចរណ៍ពិភពលោក ឈ្មោះថា «Justice» ឡើងវិញនៅចុងខែកក្កដានេះ ពោលគឺនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា នៅពីធីបុណ្យ Lucca Summer ក្នុងប្រទេសអ៉ីតាលី។ ការប្រគំតន្រ្តីនេះ នឹងបន្តនៅបណ្តាប្រទេសអឺរ៉ុប អាមេរិកខាងត្បូង និងអាស៉ីផងដែរ។ តែយ៉ាងណា កាលបរិច្ឆេទនៃកម្មវិធីរបស់លោក នៅអាមេរិកខាងជើង ដែលបានកំណត់ពេលឡើងវិញនោះ មិនទាន់ត្រូវបានបញ្ជាក់ទេ។

គួរជម្រាបថា នៅឆ្នាំ២០២៣ Justin Bieber នឹងនាំយកដំណើរទេសចរណ៍ទៅកាន់ចក្រភពអង់គ្លេស សម្រាប់កម្មវិធីចំនួន១១ ដែលចាប់ផ្តើមនៅទីក្រុង Glasgow នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងការប្រារព្ធពិធីនៅទីក្រុង Aberdeen, Birmingham, Manchester និង Sheffield មុនពេលដែល Bieber នឹងទៅ The O2 ក្នុងទីក្រុងឡុងដ៍ សម្រាប់រយៈពេល ៤យប់៕