(អឺរ៉ុប)៖ លោក Martin Sjogren ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិនារីន័រវេស រួមទាំងជំនួយការ Anders Jacobson បានលាលែងពីតំណែង ក្រោយដឹកនាំក្រុមធ្លាក់ចេញពីការប្រជែងពានរង្វាន់ UEFA Women’s Euro 2022 ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល។

អតីតម្ចាស់ជើងឯក ២សម័យកាលក្រុមនារីន័រវេស នៃពានស្រ្តីអឺរ៉ុប Women’s Euro រកបានជ័យជម្នះតែ ១ប្រកួតប៉ុណ្ណោះពីក្នុងពូល A ដោយបរាជ័យ ២ប្រកួត មានត្រឹមតែ ៣ពិន្ទុ ដោយក្នុងនោះបានចាញ់យ៉ាងច្រើនដល់ទៅ ៨-០ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះនារីអង់គ្លេស ក្រោមការដឹកនាំរបស់លោក Martin Sjogren ដែលលោកបានចូលកាន់ការងារនេះកាលឆ្នាំ២០១៦។

សហព័ន្ធបាល់ទាត់ន័រវេស សង្ឃឹមថាអាចតែងតាំងគ្រូបង្វឹកថ្មី នៅមុនការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ផ្នែកនារី Women World Cup 2023 នៅខែកញ្ញា ដែលត្រូវប៉ះក្រុមប៊ែលហ្ស៊ិក និងក្រុមជម្រើសជាតិនារីអាល់បានី៕