(តូក្យូ)៖ ជើងឯកមេដាយមាសព្រឹត្តិការណ៍អូឡាំពិក ២សម័យកាលផ្នែកកីឡាជិះស្គីរបស់ជប៉ុន Yuzuru Hanyu បានប្រកាសពីការសម្រេចចិត្តចូលនិវត្តន៍ត្រឹមវ័យ ២៧ឆ្នាំ ក្រោយជួបបញ្ហារបួសកាលពី Beijing Games 2022 នៅប្រទេសចិនក្នុងឆ្នាំនេះ។

Yuzuru Hanyu ជាកីឡាករជិះស្គីឆ្នើមម្នាក់របស់ជប៉ុន ដែលជាអត្តពលិកដណ្តើមបានមេដាយមាស ពីការប្រកួតកម្រិតធំៗជាច្រើនរួមមាន ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០១៤ នៅទីក្រុង Sochi និងនៅទីក្រុង Pyeongchang 2018 ហើយក៏ជាម្ចាស់មេដាយមាសកម្រិតពិភពលោកនៅឆ្នាំ២០១៤ និង២០១៧ ដ្បិតលោកធ្វើបានយ៉ាងល្អនៅការប្រកួតកម្រិត Grand Prix final ៤សម័យកាលផងដែរ។

ដោយសារបញ្ហារបួសជាច្រើន លោក Yuzuru Hanyu បានសម្រេចចិត្តប្រកាសចូលនិវត្តន៍ ដែលបានបា្រប់ក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងតូក្យូថា «លោកបានបញ្ចប់ក្នុងនាមជាអត្តពលិកប្រកួតហើយ ដោយខ្ញុំមិនចូលចិត្តពាក្យចូលនិវត្តន៍នោះទេ»។ ខណៈលោកជាកីឡាករជិះស្គីម្នាក់ដែលបានបំបែកកំណត់ត្រា ៦៦ឆ្នាំ ក្នុងនាមជាអត្តពលិកដណ្តើមបានមេដាយមាស ២ឆ្នាំជាប់គ្នា៕