(ភ្នំពេញ)៖ ពានរង្វាន់ពាក់កណ្ដាលអាជីព WK Cambodian League 2022 បានត្រឡប់មកវិញហើយ ក្រោយខកខានរៀបចំ ១ឆ្នាំ ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។ នេះគឺជារដូវកាលទី១០ ហើយ ដែលពានមួយនេះត្រូវបានផ្ដួចផ្ដើមគំនិតរៀបចំឡើង ដោយលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ខណៈស្ថាបនិកពានរូបនេះ រំពឹងថា ការប្រកួតរដូវកាលថ្មីនេះ នឹងមានការប្រកួតប្រជែងខ្លាំង ព្រោះមានសុទ្ធតែក្រុមខ្លាំងៗចូលរួម។

តាមការបញ្ជាក់របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ក្នុងពិធីចាប់ឆ្នោតបែងចែកពូល កាលពីថ្មីៗ ពានរង្វាន់ KW Cambodia League 2022 នេះ គឺមានបេក្ខភាព ១៨ក្រុមចូលរួម ស្មើនឹងកីឡាករចូលរួមសរុបជាង ៥០០នាក់ ក្នុងនោះក៏មានកីឡាករចម្រុះជាតិសាសន៍ជិត ២០០នាក់ផងដែរ។ ការប្រកួតមានរយៈពេល ១១សប្ដាហ៍នេះ បែងចែកជា ២ពូល ក្នុងមួយពូលមាន ៩ក្រុម ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមខ្លាំងឡើងទៅវគ្គបន្ដ។ សម្រាប់ក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។

គួរដឹងថា ពានរង្វាន់ពាក់កណ្ដាលអាជីពនេះ បង្កើតឡើងដំបូង នៅឆ្នាំ២០១២ ដោយប្រើពាក្យថា Khmer Real Estate League ដែលពេលនោះ មានត្រឹម ១២ក្រុមចូលរួម។ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ នៅតែប្រើ ឈ្មោះថា Khmer Real Estate League ដែលជាក្រុមហ៊ុនរបស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដដែល។ រីឯចាប់ពីឆ្នាំ២០១៩ មក ពាននេះ ត្រូវបានប្តូរឈ្មោះមក KW Cambodia League រហូតមកដល់បច្ចុប្បន្ន លើកលែងឆ្នាំ ២០២១ ដែលពុំបានរៀបចំការប្រកួត ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕