(បរទេស)៖ ក្រុមហ៊ុន Netflix បានព្រមានវិនិយោគិនកាលពីត្រីមាសមុនថា ខ្លួនរំពឹងថានឹងបាត់បង់អតិថិជន (subscriber) ប្រហែលជាង ២លាននាក់ឯណោះនៅក្នុងអំឡុងខែមេសា ដល់ខែមិថុនា។ ដោយឡែកការប្រកាសបង្ហាញថ្មីនេះបានឱ្យឃើញថា Netflix បានបាត់បង់អតិថិជនតែប្រហែល ១លាននាក់ប៉ុណ្ណោះ ដែលតិចជាងការរំពឹងទុក ស្របពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងតែកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

តាមរបាយការណ៍បានបញ្ជាក់ថា ភាគហ៊ុនរបស់ Netflix បានកើនឡើងពី ២.៩៤ដុល្លារ ដល់ ៣.២០ដុល្លារក្នុងមួយហ៊ុន រីឯប្រាក់ចំណូលវិញមានការធ្លាក់ចុះពី ៨.០៣៥ ពាន់លានដុល្លារ មកត្រឹម ៧.៩៧ពាន់លានដុល្លារ។ ខណៈអតិថិជនដែលបង់ប្រាក់ប្រចាំនោះបានបាត់បង់សរុបមានចំនួន ៩៧០,០០០ នាក់ បើធៀបនឹងការរំពឹងទុកនៃការបាត់បង់ប្រហែល ២លាននាក់ឯណោះ នេះបើយោងតាមការប៉ាន់ស្មានរបស់ Street Account។

យ៉ាងណាមិញចំពោះការបាត់បង់អតិថិជននេះ Netflix បានឱ្យដឹងដែរថា វាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃផែនការចែករំលែកសម្រាប់ការបង់ប្រាក់របស់ខ្លួន។ ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយដែលក្រុមហ៊ុនផ្ដល់សេវាកម្ម streaming ដ៏ធំបំផុតរបស់ពិភពលោកមួយនេះធ្លាប់បានលើកឡើងកាលពីត្រីមាសមុនថា អ្វីៗនឹងត្រូវផ្លាស់ប្តូរដែលតម្រូវឱ្យអតិថិជនបង់ប្រាក់បន្ថែម ដោយកន្លងមកអតិថិជនបង់ប្រាក់ តែមួយ Account អាចចែករំលែក Subscription របស់ពួកគេទៅកាន់មនុស្សជាច្រើនទៀតដូចជាគ្រួសារ ឬមិត្តភក្កិដែលរស់នៅខាងក្រៅផ្ទះរបស់ពួកគេ ដូច្នេះហើយបានជា Netflix សម្រេចឱ្យ Account ដែលបង់ប្រាក់មួយប្រើបានតែម្នាក់ប៉ុណ្ណោះ។

ខណៈដែល Netflix បានបញ្ជាក់ថា ខ្លួនគ្រោងនឹងចាប់ផ្តើមជម្រើសដែលគាំទ្រការផ្សាយពាណិជ្ជកម្មនៅឆ្នាំ ២០២៣នេះហើយ ដែលទំនងជានឹងជាដាក់សាកល្បងនៅអាមេរិកឡាទីន។ ហើយមួយវិញទៀតការធ្លាក់ចុះប្រាក់ចំណូលនេះក៏ជាផ្នែកមួយនៃប្រាក់ដុល្លារផងដែរ ស្របពេលដែលធនាគារកណ្តាលអាមេរិកកំពុងតំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណាកម្រិតខ្ពស់រយៈពេលបួនទសវត្សរ៍នៅក្នុងសហរដ្ឋអាមេរិក រួមទាំងការប្រកួតប្រជែង ការចែករំលែកគណនី និងកត្តាផ្សេងទៀតដូចជាកំណើនសេដ្ឋកិច្ចយឺត និងសង្រ្គាមនៅអ៊ុយក្រែន ដែលជាហេតុនាំឱ្យកំណើនប្រាក់ចំណូលរបស់ខ្លួនកើនឡើងយឺតបែបនេះ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Netflix បច្ចុប្បន្នមានអតិថិជនសរុបប្រហែល ២២០.៦៧លាននាក់បាននិយាយថា ខ្លួនរំពឹងថាអំឡុងត្រីមាសទី៣នេះ អតិថិជននឹងមានការកើនឡើងវិញដល់ ១លាននាក់បន្ថែមទៀត ខណៈដែលអ្នកវិភាគ Wall Street ថា នឹងកើនឡើងជាមធ្យម ១,៨៤លាននាក់៕