(កូរ៉េ)៖ តារាចម្រៀង K-POP សមាជិកក្នុងក្រុមចម្រៀង BTS ត្រូវបានរាយការណ៍មកថា នឹងឡើងសម្តែងនៅក្នុងថ្ងៃបញ្ចប់ នៃកម្មវិធីប្រគំតន្ត្រីប្រចាំឆ្នាំ Lollapalooza នៅ Chicago សហរដ្ឋអាមេរិក។ ប្រការនេះ ធ្វើឲ្យរូបលោក ក្លាយជាសិល្បករកូរ៉េខាងត្បូងដំបូងបង្អស់ ដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

បើយោងតាមផលិតកម្ម Live Nation បានឲ្យដឹងថា J-Hope វ័យ២៨ឆ្នាំ ដែលបានចូលរួមជាមួយក្រុម BTS កាលពីឆ្នាំ២០១៣នោះ ត្រូវបានកំណត់ឲ្យចូលរួមក្នុងមហោស្រពតន្ត្រី Lollapalooza រយៈពេល៤ថ្ងៃ ពោលគឺនឹងឡើងសម្តែងលើឆាក នៅថ្ងៃទី៣១ ខែកក្កដា ខាងមុខនេះ។ J-Hope ទទួលបានការអញ្ជើញនេះ គឺរយៈពេល១ខែប៉ុណ្ណោះ បន្ទាប់ពីក្រុម BTS បានប្រកាសពីការផ្អាកសកម្មភាពជាក្រុម ដើម្បីផ្តោតលើការងារទោស។

ពាក់ព័ន្ធនឹងកម្មវិធីនេះ Live Nation ក៏បានប្រកាសថា ក្រុមចម្រៀងបុរសរបស់កូរ៉េខាងត្បូង ដែលមានសមាជិកប្រាំនាក់ Tomorrow X Together ដែលត្រូវបានគេស្គាល់ថា TXT ក៏ត្រូវបានអញ្ជើញឲ្យសម្តែងនៅ Lollapalooza នៅថ្ងៃទី៣០ ខែកក្កដាផងដែរ ពោលគឺជាការបង្ហាញវត្តមានរបស់ពួកគេលើកដំបូង ក្នុងកម្មវិធីនេះនៅសហរដ្ឋអាមេរិក។

គួរជម្រាបថា មហោស្រពតន្ត្រីប្រចាំឆ្នាំ Lollapalooza ដែលបានចាប់ផ្តើមដំបូង ក្នុងទម្រង់ជាកម្មវិធីទេសចរណ៍ក្នុងឆ្នាំ១៩៩១ ចាប់តាំងពីពេលនោះមក បានធ្វើឲ្យ Grant Park របស់ទីក្រុង Chicago ក្លាយជាកន្លែងប្រចាំឆ្នាំនៃការធ្វើកម្មវិធីនេះ ហើយជាប់ចំណាត់ថ្នាក់ជាព្រឹត្តិការណ៍ឈានមុខគេមួយ នៅលើឆាកតន្ត្រីមហោស្រពសហរដ្ឋអាមេរិកផងដែរ៕