(ភ្នំពេញ)៖ លោកស្រី បណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិ នៃកម្ពុជា បានធ្វើការកោតសរសើរដល់ម៉ូបាយអេប របស់ធនាគារអេស៊ីលីដា ងាយស្រួលប្រើ និងទូរទាត់លឿនឆាប់រហ័សទាន់ចិត្តទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

ការកោតសរសើរនេះបានធ្វើឡើង នៅក្នុងបណ្តាញសង្គមហ្វេប៊ុក ខណៈពេលដែលលោកស្រី និងក្រុមគ្រួសារបានអញ្ជើញទៅប្រទេសថៃកាលពីថ្មីៗនេះ ហើយបានចូលពិសារគុយទាវទូកនៅហាងទំនើបមួយ ហើយលោកស្រីបានធ្វើការទូទាត់ប្រាក់ តាមរយៈម៉ូបាយអេបរបស់ធនាគារអេស៊ីលីដា។

តាមរយៈបណ្តាញសង្គមហ្វេប៊ុក លោកស្រីបានសរសេរថា «មិនចង់ស្ពាយលុយតាមទេ? គ្មានបញ្ហា។ នេះជាការបង់ថ្លៃគុយទាវទូករបស់ខ្ញុំជាមួយលេខកូដ QR នៅប្រទេសថៃ ពីគណនីរបស់ខ្ញុំជាមួយធនាគារក្នុងប្រទេសកម្ពុជា។ ឥណពន្ធពីគណនី KHR របស់ខ្ញុំបង់ជាប្រាក់បាត»

លោកស្រីបានបន្តថា ការទូទាត់មានភាពងាយស្រួលដោយ អេស៊ីលីដា និង អេសស៊ីប៊ី សហការ ដោយមានការគាំទ្រពីធនាគារកណ្តាលកម្ពុជា និងថៃ។ សម្រាប់ពេលនេះ ការទូទាត់អាចធ្វើទៅបានតែជាមួយពាណិជ្ជករ SCB ប៉ុណ្ណោះ។

លោកស្រីបានបន្ថែមថា ឆាប់ៗនេះ យើងសង្ឃឹមថានឹងពង្រីកលទ្ធភាពទៅដល់អ្នកប្រើប្រាស់ THQR និង KHQR ទាំងអស់។

លោកស្រីបានប្រាប់ព័ត៌មានក្នុងស្រុកមួយថា នៅប្រទេសថៃ មិនមែនពាណិជ្ជករទាំងអស់អាចទទួលយក KHQR ទេ គឺមានតែអាជីវករដែលជាអតិថិជនរបស់ធនាគារ SCB ប៉ុណ្ណោះដែលអាចទទួលការទូទាត់បានហើយលោកស្រីសង្ឃឹមថា ជាមួយនឹងការអនុម័តស្តង់ដា QR របស់ប្រទេសថៃ យើងនឹងអាចឱ្យអ្នកប្រើប្រាស់ KHQR របស់យើងអាចទូទាត់ប្រាក់ដោយផ្ទាល់ជាមួយពាណិជ្ជករថៃតាម Thai-QR ទាំងអស់អាចទូទាត់បាន។

លោកស្រីបានបញ្ជាក់ថា មកដល់ពេលនេះប្រតិបត្តិការអាចធ្វើបានទៅក្រៅប្រទេសតែប៉ុណ្ណោះ។ មានន័យថា ប្រជាជនកម្ពុជាអាចបង់ប្រាក់នៅប្រទេសថៃបាន។ ប៉ុន្តែភ្ញៀវទេសចរថៃមិនទាន់អាចបង់ប្រាក់នៅកម្ពុជាបានទេ។ បច្ចុប្បន្នសេវាកម្មនេះនៅក្នុងប្រទេសកំពុងដំណើរការរៀបចំ។

លោកស្រីលើកទឹកចិត្តឱ្យមានការប្រើប្រាស់ប្រាក់រៀលព្រោះថាមានតែអ្នកប្រើប្រាស់មានគណនីប្រាក់រៀល ទើបពួកគេអាចប្រើវិធីការទូទាត់ឆ្លងព្រំដែននេះបាន។ដូចនេះសូមលើកទឹកចិត្តឱ្យអ្នករាល់គ្នាបើកគណនីប្រាក់រៀល បើពួកគេចង់ទទួលបានអត្ថប្រយោជន៍ពីបទពិសោធន៍នេះ។

ចំណែកលោកស្រី សូរ ផនណារី អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ របស់ធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ប្រតិបត្តិការឌីជីថលរបស់ធនាគារអេស៊ីលីដាមានការកើនឡើងគួរឱ្យកត់សម្គាល់ ។ ជាក់ស្តែងកាលពីត្រីមាសទី១ ប្រតិបត្តិការធនាគារឌីជីថលរបស់ធនាគារអេស៊ីលីដា បានកើនឡើង ៣១,៤ លានប្រតិបត្តិការស្មើ ៤២ ភាគរយ ហើយចំនួនប្រតិបត្តិការបានកើនឡើងដល់ ១៤,៣៤២ ពាន់លាន ស្មើនឹង ៩៤ ភាគរយ បើធៀបរយៈពេលពេញមួយឆ្នាំ ២០២១។

លោកស្រីបានបន្តថាការទូទាត់តាមប្រព័ន្ធឌីជីថលរបស់ធនាគារអេស៊ីលីដាបានជំរុញឱ្យមានកំណើនប្រតិបត្តិការទាំងនេះ សេវាធនា គារឌីជីថលអាចឱ្យផ្តល់សេវារបស់ធនាគារអេស៊ីលីដាទៅដល់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក តាមរយៈបណ្តាញឌីជីថល។

លោកស្រីបានបន្តទៀតថា «បណ្តាញឌីជីថលរបស់ធនាគារអេស៊ីលីដា រួមចំណែកដល់សេដ្ឋកិច្ចឌីជីថល និងយុទ្ធសាស្ត្រសម្រាប់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា»។

លោកស្រីបានឱ្យដឹងទៀតថាក្រៅពីកម្មវិធីទូរស័ព្ទចល័ត និងផលិតផលឌីជីថល ធនាគារអេស៊ីលីដា គ្រោងនឹងពង្រីកសេវាធនាគារដោយខ្លួនឯង (SSB) បន្ថែមទៀត និងបន្តកែលម្អការិយាល័យសាខាដែលមានស្រាប់របស់ខ្លួនឱ្យក្លាយជាការិយាល័យឌីជីថលពេញលេញ និងបរិយាប័ន្ន។

លោកស្រីបន្ថែមថា គិតត្រឹមថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២ មានអ្នកប្រើប្រាស់ប្រមាណ ២,៤ លាននាក់ បានចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័តរបស់ធនាគារអេស៊ីលីដា៕