(ភ្នំពេញ)៖ ការគាំទ្រស្រឡាញ់ទៅលើវិស័យសិល្បៈបុរាណជារឿងសំខាន់ណាស់ សម្រាប់កុលបុត្រខ្មែរគ្រប់រូបហើយការស្រឡាញ់គាំទ្រនេះ គឺមិនគួរបានតែត្រឹមនិយាយទេ គឺការចូលរួមធ្វើសកម្មភាពដោយផ្ទាល់មានអភិរក្ស និងអភិវឌ្ឍដោយចេញពីក្រអៅបេះដូង ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ការផលិតកម្មវិធីសិល្បៈបុរាណ ការរៀបចំមហោស្រព ការស្វែងយល់ពីតម្លៃពិតនៃវប្បធម៌សិល្បៈបុរាណជាដើម។

នៅក្នុងកិច្ចសម្ភាសមួយរវាងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ជាមួយវីរសិល្បករ៤រូប ដែលជាព្រឹទ្ធាចារ្យចាស់ទុំលើផ្នែកសិល្បៈបុរាណ លោកទាំង៤ បានលើកឡើងស្រដៀងគ្នា ទាក់ទិនទៅនឹងការជំរុញឱ្យផលិតកម្មវិធីសិល្បៈបុរាណ។

លោកសាស្ត្រាចារ្យ ព្រឿង ឈៀង បានថ្លែងយ៉ាងដូច្នេះថា៖ «កម្មវិធីប្រកួត ឬមហោស្រពប្រៀបបីដូចជាសាលារៀន ដើម្បីជាគម្រូ ណែនាំឱ្យក្រុម សិល្បៈ ទាំងអស់ជ្រួតជ្រាបនូវបច្ចេកទេសលម្អិតតទៅទៀត... ដើម្បីឱ្យឃើញតម្លៃពិតនូវរបាំក្បាច់បុរាណ នេះ។ បើយុវជនគាំទ្រ ហើយនាំគ្នាធ្វើចលនាមានពីរ គឺចូលរួម និងគាំទ្រនោះព្រលឹងជាតិ អត្តសញ្ញាណជាតិអត់ស្លាប់ទេ»

រីឯលោកស្រីសាស្ត្រាចារ្យ សុទ្ធ សុម៉ាលី បានគូសបញ្ជាក់ថា៖ «ការបង្កើតកម្មវិធីសិល្បៈបុរាណ ជាការមួយដែលល្អត្រឹមត្រូវ ដែលធ្វើឱ្យយុវជនខ្មែរយើងមានគំនិតផ្តួចផ្តើម ច្នៃប្រឌិតធ្វើឱ្យរស់ឡើងវិញនូវទម្រង់ល្ខោនខ្មែរ ដែលជាមរតករបស់វប្បធម៌ជាតិយើង ដ្បិតបច្ចុប្បន្នមានទម្រង់មួយចំនួនដែលផុយស្រួយងាយនឹងបាត់បង់»

លោកស្រីសាស្ត្រចារ្យ បានបន្តថា៖ «សូមមេត្តាយុវវ័យ ការស្រឡាញ់គាំទ្រពិតមែនហើយ តែសូមថែរក្សានូវទម្រង់ដើម ច្នៃប្រឌិត អភិវឌ្ឍទម្រង់ថ្មី ហើយចំពោះទម្រង់ដើម សូមកុំបំផ្លើសបំភ្លក កាឡៃ កាលណាធ្វើអ៊ីចឹង យើងបាត់អត្តសញ្ញាណនិងពុំគប្បីជាមួយបុព្វបុរស ខាងប្រាជ្ញព្រឹទ្ធបណ្ឌិត សិល្បៈ»

ចំពោះលោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន បានថ្លែងថា ការផលិត និងផ្សព្វផ្សាយកម្មវិធី សិល្បៈបែបបុរាណតាមទូរទស្សន៍នេះ គឺជាការល្អណាស់ ព្រោះរបាំបុរាណនេះ នៅលើពិភពលោកនេះគេទទួលស្គាល់ ហើយផ្សព្វផ្សាយនេះធ្វើឱ្យកូនខ្មែរស្គាល់ពីក្បាច់របាំ ដ្បិតសព្វថ្ងៃ ការផ្សព្វផ្សាយពីសិល្បៈសម័យតាមទូរទស្សន៍ មានច្រើនជាងបុរាណ។

ព្រឹទ្ធាចារ្យរូបនេះបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថាការចាប់អារម្មណ៍របស់យុវជនទៅលើវប្បធម៌បុរាណមានច្រើនជាក់ស្ដែងតាមរយៈល្ខោនបុរាណរឿង ព្រះអនុរុទ្ធ ព្រះនាងឱស្សាក្មេងៗ មានការភ្ញាក់ផ្អើលទៅទិញសំបុត្រ ចង់មើល ចង់ដឹង។ អ្នកគ្រូមានការអបអរសាទរដែរ ដែលឃើញយុវជនជំនាន់ក្រោយជួយលើកតម្លៃសិល្បៈរបាំក្បាច់បុរាណ។

ចំណែកឯលោកស្រីសាស្ត្រាចារ្យ សំ សត្យា បានលើកឡើងថា «កម្មវិធីប្រឡងសិល្បៈបុរាណ ជាវេទិកាមួយសម្រាប់រៀនសូត្រ ហើយយើងចែកបទពិសោធន៍រវាងយុវជនម្នាក់និងយុវជនម្នាក់ នោះហើយធ្វើឱ្យ វប្បធម៌កាន់តែរីកដុះដាល ព្រោះយើងចង់អភិរក្ស ហើយក៏អភិវឌ្ឍពីរហ្នឹងដើរទន្ទឹមគ្នា ហើយកាលណាយុវជនយើងស្វែងយល់ពីវប្បធម៌យើងបានច្រើនធ្វើឱ្យយើងមានធនធានរឹតតែច្រើនជាអ្នកបន្តវេនពីគ្រូចាស់ៗ»

ជាចុងក្រោយ លោកស្រីក៏សំណូមពរឱ្យប្អូនៗយុវជនជំនាន់ក្រោយចូលរួម គ្រប់កម្មវិធីវប្បធម៌ សិល្បៈបុរាណឱ្យបានច្រើន ដើម្បីឱ្យវប្បធម៌យើងកាន់តែរីកដុះដាលទៅមុខទៀត៕