(បាងកក)៖ ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំសន្និសីទ ពិភាក្សាពីការងារក្របខ័ណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ជាលើកដំបូងនៅក្នុងឆ្នាំ២០២២នេះ ដើម្បីពន្លឿនការស្វែងរកដំណោះស្រាយ ចំពោះវិបត្តិនានា ដែលកើតចេញពីការកើនឡើងនូវកម្ដៅផែនដី ផលវិបាកពីជំងឺកូវីដ-19 បញ្ហាអតិផរណា និងការកើនឡើងនូវតម្លៃថាមពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។

សន្និសីទនេះ បានរៀបចំឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលរួមពីវិស័យឯកជន និងរដ្ឋ សាធារណជន និងសម្ព័ន្ធអង្គការនៅលើពិភពលោកនានា ក្រោមមូលបទ «ការសម្រេចបាននូវក្របខណ្ឌ ESG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច» ដោយមានការពិភាក្សាអំពីបញ្ហាមួយចំនួន រួមមានការប្រែប្រួលអាកាសធាតុ សង្គមមានកាបូនទាប សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ហើយក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសហការគ្នាដើម្បីជួយសង្គ្រោះពិភពលោកផងដែរ ។

លោក Roongrote Rangsiyopash ប្រធានអគ្គនាយក និងជាអគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុន SCG បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ សីតុណ្ហភាពរបស់ផែនដីបានកើនឡើង ១.១អង្សារសេបន្ថែមទៀត ហើយបើគ្មានការសហការគ្នាភ្លាមៗដើម្បីស្វែងរកដំណោះស្រាយ ផែនដីឡើងអាចនឹងកម្ដៅថែម ១.៥ អង្សារ នោះមនុស្សជាតិនឹងមិនអាចរស់នៅក្នុងស្ថានភាពដូចដែលធ្លាប់រស់រានពីមុនមកឡើយ ។ ដូច្នេះ នេះជាគ្រាអាសន្នសម្រាប់មនុស្សរាល់គ្នា ដែលតម្រូវឱ្យគ្រប់វិស័យទាំងអស់នាំគ្នាចាត់វិធានការ។ ចំណាត់ការ អាចចាប់ផ្តើមចេញពីការកែប្រែសកម្មភាពសាមញ្ញៗ មុននឹងពង្រីកទៅរកការសហការដែលមានគោលបំណងសម្រាប់ការដោះស្រាយភ្លាមៗ។

លោកបន្តថា យើងកំពុងព្យាយាមពង្រីកកិច្ចសហការដោយអនុលោមតាមគោលការណ៍ណែនាំនៃក្របខ័ណ្ឌ ESG ព្រោះវាជាផ្លូវតែមួយគត់ ដើម្បីកាត់បន្ថយវិបត្តិជាបន្ទាប់ដែលកំពុងកើតមានចំពោះយើងទាំងអស់គ្នា ។ ភាពជោគជ័យរួមគ្នាមួយ គឺការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យនៅសល់សូន្យ រវាងឧស្សាហកម្មស៊ីម៉ងត៍ និងបេតុងក្នុងប្រទេសថៃ ជាមួយនិងសមាគមស៊ីម៉ងត៍ និងបេតុងសកល (GCCA)។ ការសហការនេះ មានបំណងដឹកនាំឧស្សាហកម្មស៊ីម៉ងត៍ របស់ប្រទេសថៃឆ្ពោះទៅរកគោលដៅ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ កម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ស្របតាមគោលដៅរបស់សកលលោក»។

ជាមួយគ្នានេះ លោកក៏ចង់ឱ្យមានការសហការដើម្បីដោះស្រាយសំណល់ប្លាស្ទិកក្នុងមហាសមុទ្រប្រកបដោយនិរន្តរភាពជាមួយ អង្គការសម្ព័ន្ធដើម្បីបញ្ចប់កាកសំណល់ប្លាស្ទិក (AEPW) ដែលជាអង្គការមិនរកប្រាក់ចំណេញដ៏ល្បីល្បាញ លើពិភពលោកដែលមានក្រុមហ៊ុន នៅក្នុងខ្សែសង្វាក់ឧស្សាហកម្មប្លាស្ទិកនានា រាប់ចាប់ពីក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ រហូតដល់អ្នកគ្រប់គ្រងកាកសំណល់ប្លាស្ទិក ។

លោក Roongrote បានបន្ថែមទៀតថា ទោះបីមានការយល់ដឹង និងសកម្មភាពកន្លងមកនៅតាមគេហដ្ឋាន សហគមន៍ ក្នុងមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការជាសាកលក៏ដោយ យើងនៅតែមិនអាចតាមទាន់នូវវិបត្តិពិភពលោកដែលបានកើនឡើងជាលំដាប់ និងកំពុងខិតមករកមនុស្សកាន់តែច្រើនឡើងនោះឡើយ។ វិបត្តិនោះរួមមាន អាកាសធាតុដែលមិនអាចទាយទុកជាមុនបាន គ្រោះរាំងស្ងួតធ្ងន់ធ្ងរ គ្រោះទឹកជំនន់ កង្វះធនធាន វិបត្តិស្បៀងអាហារ និងកង្វះថាមពលនៅទូទាំងពិភពលោក។ វិបត្តិទាំងអស់នេះ រឹតតែធ្ងន់ធ្ងរថែមទៀត ដោយសាររលកថ្មីនៃជំងឺកូវីដ-១៩ ជំងឺឆ្លងថ្មីៗដែលកំពុងកើតឡើង ក៏ដូចជាបញ្ហាអតិផរណា និងភាពក្រីក្រដែលធ្វើឲ្យវិសមភាពសង្គមកាន់តែមានគម្លាតខ្លាំងឡើង ។

លោកលើកឡើងថា «ដូច្នេះ សន្និសីទ ESG ឆ្នាំ 2022 ព្យាយាមបង្កើនល្បឿនដើម្បីទទួលបានកិច្ចសហការកាន់តែច្រើនថែមទៀត និងជំនះលើវិបត្តិពិភពលោក ដែលពាក់ព័ន្ធគ្រប់ទិដ្ឋភាពទាំងអស់ មានដូចជាបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រតិបត្តិការទាំងអស់»

អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បានគូសបញ្ជាក់ពីយន្តការអាស៊ាន នៅក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់អាស៊ាន ។
លោក បានមានប្រសាសន៍ថា យោងតាមធនាគារអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណថា ប្រសិនបើអាជីវកម្មបន្តធម្មតា ដូចបច្ចុប្បន្ន ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើតំបន់អាស៊ីអាគ្នេយ៍នឹងធ្វើឲ្យ GDP របស់អាស៊ានធ្លាក់ចុះ ១១% នៅចុងសតវត្សរ៍នេះ ។

លោកបន្តថា «ដូច្នេះហើយ វាពិតជាមានសារៈសំខាន់សម្រាប់អាស៊ានក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីស្វែងរកតុល្យភាព ដែលយើងអាចទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចនាពេលអនាគត ហើយធានាបាននូវការការពារសម្បត្តិធម្មជាតិរបស់យើង និងអាចបន្តផ្តល់ធនធានដែលមនុស្សត្រូវការ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចការទាំងអស់នេះទាមទារឲ្យមានការចូលរួមពីមនុស្សគ្រប់គ្នា។ វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ជាអ្នកអនុវត្តសំខាន់សម្រាប់គំនិតផ្តួចផ្តើមនានាប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ ក៏ដូចជាការរក្សាបាននូវស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច»

សម្រាប់នៅប្រទេសកម្ពុជា អេសស៊ីជី បានអនុវត្តក្របខ័ណ្ឌ ESG ក្នុងទម្រង់សកម្មភាពផ្សេងៗ។ អេសស៊ីជី បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីធ្វើការអង្កេតមូលដ្ឋាន សម្រាប់គម្រោងប្រព័ន្ធអេកូឡូស៊ី និងស្តារនីតិសម្បទានៅរោងចក្រស៊ីម៉ងត៍កំពត។

នៅក្នុងដំណើរការផលិតកម្មវិញ អេសស៊ីជី បានបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំកន្លងមក ដូចជាថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស។ សម្រាប់ផលិតផលស៊ីម៉ងត៍ អេសស៊ីជី ក៏បានកាត់បន្ថយការបំភាយឧស្ម័ន កាបូនិច ទៅក្នុងបរិយាកាស តាមរយៈការបង្កើតរូបមន្តថ្មី និងប្រើប្រាស់សារធាតុកម្ទេចថ្ម (clinkers) កាន់តែតិចក្នុងការផលិតរបស់ខ្លួន៕