(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានទទួលពានរង្វាន់ Best Mobile Banking App Awards ២០២២ ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រូបរាងរចនាបទថ្មី ជាមួយនឹងមុខងារថ្មីៗ សេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាព ជូនដល់អតិថិជនរបស់ខ្លួន។

នាឱកាសនេះដែរ លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា «យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលធនាគារទទួលបានពានរង្វាន់ Best Mobile Banking App Awards ២០២២ ពីទស្សនាវដ្ដី Global Brands Magazine។

ការទទួលបានពានរង្វាន់នេះ គឺបានបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការបម្រើសេវាជូនអតិថិជនរបស់យើងឱ្យបានកាន់តែល្អប្រសើរស្របពេលដែលតម្រូវការប្រើប្រាស់សេវាធនាគារ ចល័តកំពុងតែបន្តមានការកើនឡើង ជាពិសេសជាមួយនឹងបទពិសោធន៍ធនាគារឌីជីថលដ៏សម្បូរបែប ស្ថាបនា ម៉ូបាល បានចូលរួមចំណែកធ្វើឱ្យការរស់នៅរបស់ប្រជាជនខ្មែរកាន់តែមានភាពប្រសើរ និងស៊ីវីល័យ»។

លោកបានបន្ថែមថា «ស្ថាបនា ម៉ូបាល រូបរាងរចនាបទថ្មីនេះ គឺមានភាពសាមញ្ញ ងាយស្រួលសម្រាប់ អតិថិជនក្នុងការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃ និងគ្រប់គ្រងគណនីរបស់ពួកគាត់ តាមរយៈការរចនាដែលមានលក្ខណៈទំនើប និងងាយស្រួល។ បន្ថែមពីលើនេះ ការធ្វើប្រតិបត្តិការផ្សេងៗនៅលើ ស្ថាបនា ម៉ូបាល គឺកាន់តែរហ័ស និងសុវត្ថិភាពខ្ពស់។ ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់ធនាគារ ស្ថាបនា និងអរគុណដល់បុគ្គលិកទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងបន្តការកែលម្អកម្មវិធីស្ថាបនា ម៉ូបាល ឱ្យកាន់តែល្អប្រសើរ។»

កាលពីដើមខែមេសា ធនាគារ ស្ថាបនា បានដាក់ដំណើរការ ស្ថាបនា ម៉ូបាល រូបរាងរចនាបទថ្មី ជាមួយនឹងមុខងារ បែបឌីជីថលទាន់សម័យដោយប្រើប្រាស់បច្ចេកវិទ្យាលំដាប់ពិភពលោក ដើម្បីបង្កើនបទពិសោធន៍សេវាធនាគារដ៏ សម្បូរបែបសម្រាប់អតិថិជន។ លើសពីនេះទៅទៀត ស្ថាបនា ម៉ូបាល មានរហូតដល់ ៥ភាសារួមមាន៖ ខ្មែរ អង់គ្លេស ចិន ជប៉ុន និងកូរ៉េ ដើម្បីផ្តល់ជូននូវសេវាហរិញ្ញវត្ថុយ៉ាងពេញលេញជូនដល់អតិថិជនទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះដែរ លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានបន្ដថា «ស្ថាបនា ម៉ូបាល រចនាបទថ្មីនេះ គឺជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់មួយសម្រាប់ធនាគារ ស្ថាបនា។ បន្ថែមពីលើមុខងារ និងលក្ខណៈពិសេសថ្មីៗ យើងក៏ផ្ដល់ជូនបទពិសោធន៍សេវាធនាគារចល័តកាន់តែល្អប្រសើរ និងមានសុវត្ថិភាព សម្រាប់អតិថិជនចាស់ និងអតិថិជនថ្មី។ ក្រៅពីសេវាធនាគារចល័តអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ បានយ៉ាងច្រើនផ្សេងទៀតដូចជា៖ ទូទាត់ប្រាក់តាមរយៈ KHQR ផ្ញើរប្រាក់ឱ្យក្រុមគ្រួសារ និងមិត្តភក្តិ ទូទាត់វិក្កយបត្រ និងបញ្ចូលលុយទូរសព្ទជាដើមបានភ្លាមៗនៅលើកម្មវិធីតែមួយ»។

លោកបានបន្ថែមថា «ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន និងដៃគូរសហការរបស់យើង ដែលបានគាំទ្រធនាគារយ៉ាងពេញទំហឹង និងក្រុមការងារ ស្ថាបនា ទាំងអស់សម្រាប់សមិទ្ធផលដ៏ល្អប្រពៃមួយនេះ។ យើងពិតជាមានមោទនភាពជាខ្លាំងចំពោះពានរង្វាន់នៅឆ្នាំនេះ ហើយយើងនឹងបន្តអភិវឌ្ឍខ្លួនបន្ថែមទៀតដើម្បីឆ្ពោះទៅភាពរីកចម្រើនឥតឈប់ឈរនាពេលអនាគត»។

ស្ថាបនា ម៉ូបាល មាននៅលើ App Store និង Google Play ដែលអាចធ្វើការទាញយកមកប្រើប្រាស់ ដែលអនុញ្ញាតឱ្យអតិថិជន ចូលមើលសមតុល្យគណនី ប្រវត្តិប្រតិបត្តិការ មើលកាលវិភាគសងប្រាក់កម្ចី បើក ឬ បិទគណនីប្រាក់បញ្ញើមានកាលកំណត់ ផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស ផ្ទេរប្រាក់ទៅអ្នកផ្តល់សេវាទូទាត់ដូចជា វីង ផាយផេ និងទ្រូម៉ាន់នី បង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ សេវាកម្មប័ណ្ណឥណទាន និងសេវាជាច្រើនផ្សេងទៀត។

លើសពីនេះទៅទៀត ធនាគារ ស្ថាបនា ក៏បានដាក់ឱ្យដំណើរការជាផ្លូវការនូវ ស្ថាបនា ផេ ជាមួយ KHQR ផងដែរ។ KHQR គឺជាសេវាទូទាត់ដែលផ្តួចផ្តើមឡើងដោយធនាគារជាតិ នៃកម្ពុជា ដើម្បីសម្រួលដល់ការទូទាត់ប្រាក់ជាមួយធនាគារផ្សេងទៀត ដែលជាសមាជិកបាគងតាមរយៈ QR Code តែមួយប៉ុណ្ណោះ។ ក្នុងនោះផងដែរ ជាមួយ ស្ថាបនា ផេ និងKHQR រាល់ដៃគូអាជីវកម្មរបស់ស្ថាបនាទាំងអស់អាចទទួលយកការទូទាត់បានពីធនាគារផ្សេងទៀត ដែលជាដៃគូរបស់បាគង៕