(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អបអរសាទរចំពោះកីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា បានឈ្នះមេដាយមាស ១គ្រឿង ពីការប្រកួតនៅប្រទេសម៉ាល់ឌីវ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអាស៉ី លើកទី៥៤ ឆ្នាំ២០២២នេះ (54th Asian Bodybuilding and Physique Sports Championship-2022)។

តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ គូសបញ្ជាក់ថា «សូមអបអរសាទរចំពោះកីឡាករ ឆឹង ណូរ៉ា ដែលបានទទួលមេដាយមាសលើវិញ្ញាសារកីឡាកាយវប្បកម្ម នៅប្រទេសម៉ាល់ឌីវ កីឡាលើកមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ និងកីឡាជាទូតសន្តិភាព»

ព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអាស៉ី លើកទី៥៤ ឆ្នាំ២០២២ បាននិងកំពុងរៀបចំឡើង នៅប្រទេសម៉ាល់ឌីវ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែកក្កដា។

ប្រតិភូចេញពីកម្ពុជាទៅចូលរួមព្រឹត្តិការណ៍នៅម៉ាល់ឌីវនេះដែរ មានចំនួន ៤នាក់ គឺចៅក្រមម្នាក់ គ្រូបង្វឹកម្នាក់ និងកីឡាករ ២នាក់។ សម្រាប់លោក តឹក ប៊ុនវី គឺលោកទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាចៅក្រម ដើម្បីដាក់ពិន្ទុឲ្យកីឡាករគ្រប់ប្រទេសទាំងអស់ ហើយខាងសហព័ន្ធកីឡាកាយវប្បកម្មពិភពលោក ក៏ផ្តល់មេដាយប្រាក់ ១គ្រឿង ជូនផងដែរ ក្នុងការបញ្ជូនកីឡាករទៅប្រកួតលក្ខណៈអន្តរជាតិបែបនេះ។

«យើងមកប្រកួតលក្ខណៈអន្តរជាតិនេះ មានប្រតិភូទាំងអស់ ៤នាក់ គឺមានម្នាក់ជា Judge (ចៅក្រម), ម្នាក់ជា Coach (គ្រូបង្វឹក) និងកីឡាករ ២នាក់»។ នេះបើតាមលោក តឹក ប៊ុនវី។

សូមជម្រាបថា ឆឹង ណូរ៉ា បានឈ្នះមេដាយមាសក្នុងវិញ្ញាសារ Men’s Athletic Physique ដោយមេដាយប្រាក់ បានទៅកីឡាករ Syed Faizal Ali និងមេដាយសំរិទ្ធ បានទៅកីឡាករ Mohd Syarul Azman Mahen Abdullah ដែលជាកីឡាករ របស់ម៉ាឡេស៉ី៕