(អាល្លីម៉ង់)៖ តារាហូលីវូដល្បីឈ្មោះ Brad Pitt បានបង្ហាញវត្តមានលើកម្រាលព្រំក្រហម ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលែងសំងំនៅតែក្នុងផ្ទះ ជាមួយនឹងការលេងខ្លួនស្ទីលថ្មី ក្នុងឈុតសំពត់ពណ៌ត្នោតប្លែកខុសពីគេ។ ការបង្ហាញខ្លួនលើកនេះ របស់ Brad Pitt គឺស្ថិតនៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លីម៉ង់ ដើម្បីផ្សព្វផ្សាយស្នាដៃភាពយន្តថ្មីរបស់ខ្លួន មានចំណងជើងថា «Bullet Train»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The National News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

Brad Pitt វ័យ៥៨ឆ្នាំ ត្រូវបានគេមើលឃើញតុបតែងខ្លួនបែបថ្មី ទំនងជាដើម្បីឲ្យត្រូវនឹងសាច់រឿងថ្មី ដែលលោកកំពុងតែដើរផ្សព្វផ្សាយ ពោលគឺពាក់អាវសាច់ក្រណាត់ និងសំពត់ខ្លី ជាពិសេសមានពាក់ស្បែកជើងកវែង បែបប្រយុទ្ធរំលេចស្នាមសាក់ផងដែរ។ ត្បិតថា នេះជារឿងថ្មីបែបវាយប្រហារ ចំណងជើងថា «Bullet Train» ដោយ Brad Pitt ដើរជាតួអង្គឃាតករ ឈ្មោះ Ladybug ដែលត្រូវប្រយុទ្ធស្លាប់រស់ ទល់នឹងឃាតករដទៃទៀតនៅលើរថភ្លើង ខណៈឃាតករម្នាក់ៗ គឺមានបេសកកម្មដូចៗគ្នា។

ខ្សែភាពយន្ត «Bullet Train» មានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើន ដូចជា Joey King, Zazie Beetz, Aaron Taylr-Johnson និង Brian Tyree Henry ក៏ដូចជាអ្នកដឹកនាំរឿង David Leitch។ រឿងនេះ គ្រោងចេញផ្សាយតាមរោងភាពយន្ត នៅអំឡុងដើមខែសីហា ខាងមុខនេះ៕