(អឺរ៉ុប)៖ អត្តពលិកចក្រភពអង់គ្លេស Jake Wightman បានបង្កើតការភ្ញាក់ផ្អើលយ៉ាងអស្ចារ្យដោយដណ្តើមបានមេដាយមាសនៃព្រឹត្តិការណ៍រត់ប្រណាំងកម្រិតពិភពលោក ១៥០០ម៉ែត្រនៅរដ្ឋ Oregon សហរដ្ឋអាមេរិក។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

បុរសវ័យ ២៨ឆ្នាំ Jake Wightman បានយកឈ្នះម្ចាស់មេដាយមាសអូឡាំពិក២០២០ Jakob Ingebrigtsen ដោយប្រើថិរវេលា ៣ម៉ោង ២៩នាទី និង ២៣វិនាទី ចំពោះការមកដល់ទីផ្តាច់ព្រ័ត្រ ហើយមេដាយសំរឹទ្ធធ្វើបានដោយ Mohamed Katir ដែលស្ថិតក្នុងការប្រកួតកម្រិតពិភពលោកនេះ World Athletics Championships 2022។

Jake Wightman ក៏បានក្លាយជាកីឡាករអត្តពលកម្មរបស់ចក្រភពអង់គ្លេស ដែលធ្វើបានមេដាយមាសនៅកម្រិតការរត់ប្រណាំង ១៥០០ម៉ែត្រ ចាប់តាំងពីការធ្វើបានដោយលោក Steve Cram កាលឆ្នាំ១៩៨៣ ដ្បិតលោកធ្លាប់ឈ្នះមេដាយសំរឹទ្ធក្នុងវិញ្ញាសានេះ នៅព្រឹត្តិការណ៍ជើងអឺរ៉ុប Berlin 2018 ជាមួយនឹងកម្មវិធី Commonwealth Games ផងដែរ។

នេះក៏ជាមេដាយទី២ របស់ចក្រភពអង់គ្លេស បន្ទាប់ធ្វើបានមេដាយសំរឹទ្ធដោយកីឡាការិនី Laura Muir នៃកម្រិត ១៥០០ម៉ែត្រនេះកាលពីថ្ងៃអង្គារ៕