(ភ្នំពេញ)៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានគាំទ្រធ្វើជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ជំនួសលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវទទួលតំណែងជាប្រធានកិត្តិយសសហព័ន្ធវិញ។

ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនសហព័ន្ធថ្មីនេះ ធ្វើឡើងក្នុងមហាសន្និបាតវិសាមញ្ញ អាណត្តិទី៧ និងការបោះឆ្នោតប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

លោក ស សុខា បានគូសបញ្ជាក់ថា ដោយសារលោកបានមើលឃើញភាពរឹងមាំរបស់គណៈកម្មាធិការប្រតិបត្តិ និងក្រុមការងារសហព័ន្ធ ដែលមានសកម្មភាពយ៉ាងផុលផុស និងរឹងមាំ ទើបលោកសម្រេចចិត្តយកឱកាសនេះ ដើម្បីដកឃ្លាទៅជួយដល់សហព័ន្ធកីឡាផ្សេងៗ ពិសេសសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា និងសហព័ន្ធកីឡាបាល់ទះកម្ពុជាជាដើម ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។

ម្យ៉ាងប្រធានសហព័ន្ធថ្មី ក៏មិនមែនជាអ្នកឆ្ងាយនោះដែរ ពោលគឺលោក សុខ សូកាន ជាកូនបង្កើតរបស់សម្ដេចវិបុលបញ្ញា សុខ អាន ដែលជាអតីតប្រធានសហព័ន្ធចាស់ តាំងពីឆ្នាំ១៩៩២ ។ តាមរយៈនេះ លោក ស សុខា មានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់ប្រធានថ្មី ក៏ដូចជាសមាជិកគណៈកម្មាធិការប្រតិបត្តិ នឹងជំរុញការអភិវឌ្ឍវិស័យកីឡាប៉េតង់កម្ពុជាកាន់តែរីកចម្រើន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។

លោក សុខ សូកាន បានសម្ដែងនូវសេចក្ដីរីករាយ ចំពោះការទទួលតំណែងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលផ្ដល់ឱកាសឲ្យលោកបានរំឮកដល់ស្នាដៃតាំងពីកកើតសហព័ន្ធ ក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស និងសម្ដេចវិបុលបញ្ញា សុខ អាន ជាប្រធានសហព័ន្ធ ដែលថ្នាក់ដឹកនាំទាំងពីរ បានខិតខំ និងជម្នះគ្រប់ឧបសគ្គ ដើម្បីកសាងវិស័យកីឡាមួយនេះឲ្យមានការរីកចម្រើន មកទល់បច្ចុប្បន្ន រហូតត្រូវបានពិភពលោក ចាត់ទុកកម្ពុជា ជាមហាអំណាចកីឡាប៉េតង់ទៀតផង ។

លោកថា ក្រោមការដឹកនាំរបស់ប្រធាន និងថ្នាក់ដឹកនាំសហព័ន្ធមុនៗ ក៏ដូចជាបច្ចុប្បន្ន បានធ្វើឲ្យវិស័យកីឡាប៉េតង់កម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយគិតចាប់ពីឆ្នាំ១៩៩២ រហូតមកទល់បច្ចុប្បន្ន កីឡាប៉េតង់ ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិសរុប ៣៩១គ្រឿង ដែលជាសមិទ្ធផលមួយដ៏អស្ចារ្យសម្រាប់ជាតិមាតុភូមិ ។ តាមរយៈនេះ ក្នុងនាមប្រធានសហព័ន្ធថ្មី លោក រួមជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិ បានប្ដេជ្ញា នឹងបន្ដស្វែងរកជោគជ័យ និងរក្សានូវកិត្យានុភាពជូនជាតិបន្ថែមទៀត ។

សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ អាណត្តិទី៧ ក្រោយមហាសន្និបាតវិសាមញ្ញខាងលើ គឺមានលោក សុខ សូកាន ជាប្រធាន, លោក ប៊ូ ជុំសេរី អនុប្រធានទី១, លោក អ៊ុក សិទ្ធិជាតិ, លោក ស៊ុម សុជាតិ, លោក លាង ឃុន និងលោក សុខ ហុង ជាអនុប្រធាន ។ លោក សុខ សប្បាយណា ជាអគ្គលេខាធិការ ខណៈកញ្ញា គីម ម៉ារីយ៉ាន ត្រូវបានបោះឆ្នោតជាអគ្គហេរញ្ញិក ជំនួសលោក ណុប ដារ៉ា ។ លោក ព្រំ ប៊ុណ្ណយី និងកញ្ញា គីន សំណាង ជាអគ្គលេខាធិការរង ព្រមទាំងសមាជិក ៤រូប ។ រីឯទីប្រឹក្សាសហព័ន្ធមាន ២រូប គឺលោក អ៊ិន គឹមស្រ៊ុន និងលោកស្រី កែ ឡេង៕