(បាសេឡូណា)៖ ក្លិប Barcelona បានចុះហត្ថលេខា នាំយកខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski មកពីក្លិប Bayern Munich លើកិច្ចសន្យារយៈពេល៤ឆ្នាំ ដែលមានតម្លៃ៥០លានអឺរ៉ូ (៤២.៦លានផោន), នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ។

កីឡាករវ័យ៣៣ឆ្នាំរូបនេះ នៅសល់រយៈពេលមួយឆ្នាំទៀត លើកិច្ចសន្យារបស់លោក ជាមួយនឹងក្លិប Bayern Munich ប៉ុន្តែកាលពីខែឧសភា បានលើកឡើងថា "រឿងរ៉ាវរបស់ខ្ញុំ ជាមួយក្លិប Bayern បានបញ្ចប់ហើយ"។

លោកបានចូលរួម ជាមួយនឹងមិត្តរួមក្រុមថ្មីរបស់លោក នៅទីក្រុង Miami ជាផ្នែកមួយនៃការធ្វើដំណើរទៅប្រកួតចំនួន៤ នៅសហរដ្ឋអាមេរិក របស់ក្លិប Barcelona។

"នៅទីបំផុត ខ្ញុំនៅទីនេះ។ ខ្ញុំរីករាយ ដែលបានចូលរួមជាមួយ Barca", នេះបើតាមសម្តី Levandowski បានលើកឡើង។ "ប៉ុន្តែថ្ងៃចុងក្រោយនេះ ហាក់យូរខ្លាំងណាស់, ប៉ុន្តែកិច្ចព្រមព្រៀង ឥឡូវនេះបានរួចរាល់ ហើយខ្ញុំអាចផ្តោតលើជំពូក និងការប្រកួតប្រជែងថ្មី នៅក្នុងជីវិតរបស់ខ្ញុំ"។

Lewandowski បានចូលរួមជាមួយ Bayern លើការផ្ទេរដោយឥតបង់ថ្លៃ កាលពីឆ្នាំ២០១៤ បន្ទាប់ពីចាកចេញពីក្លិប Borussia Dortmund។ លោកបានស៊ុតបញ្ចូលទី៥០គ្រាប់ ក្នុង៤៦ប្រកួត កាលពីរដូវកាលមុន ខណៈលោកបានជួយ Bayern ឈ្នះពានរង្វាន់ជើងឯក Bundesliga លើកទី១០ជាប់ៗគ្នា។

ខ្សែប្រយុទ្ធ Lewandowski បានស៊ុតបញ្ចូលទី៣៤៤គ្រាប់ ក្នុង៣៧៥ប្រកួត សម្រាប់ក្លិប និងជាកីឡាករដែលរកគ្រាប់បាល់ បានច្រើនជាងគេលំដាប់ទី២របស់ក្លិប នៅគ្រប់ពេលទាំងអស់ ឈរនៅពីក្រោយ Gerd Muller៕