(ណតទីងហេម)៖ ក្លិប Nottingham Forest ទើបឡើងទៅលេងថ្មី នៅលីគកំពូលអង់គ្លេស Premier League បានចុះកិច្ចសន្យានាំយកខ្សែបម្រើ Lewis O'Brien និងខ្សែការពារ Harry Toffolo របស់ក្លិប Huddersfield នៅក្នុងកិច្ចសន្យាមួយ ដែលមានតម្លៃ១០លានផោន, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ។

កីឡាករ O'Brien វ័យ២៣ឆ្នាំ បាននៅជាមួយក្លិប Huddersfield ចាប់តាំងពីលោកមានអាយុ១១ឆ្នាំមក ស្របពេលដែលកីឡាករ Toffolo វ័យ២៦ឆ្នាំ ទទួលបានការចាប់អារម្មណ៍ ក្នុងការលេងជាខ្សែការពារឆ្វេង ចាប់តាំងពីចូលរួមជាមួយក្លិប Huddersfield ក្រោយចាកចេញពីក្លិប Lincoln កាលពី២ឆ្នាំមុន។

Toffolo ជាអតីតកីឡាករលំដាប់អន្តរជាតិអង់គ្លេស កម្រិត Under-20 រូបនេះ នៅសល់រយៈពេល១ឆ្នាំទៀត លើកិច្ចសន្យារបស់លោក នៅឯក្លិប Huddersfield។

លទ្ធផលឈ្នះរបស់ក្លិប Forest លើក្រុម Huddersfield ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលីគ Championship នោះ បានធ្វើឲ្យពួកគេវិលត្រឡប់ ទៅលេងនៅលីគកំពូលអង់គ្លេស Premier League វិញ ជាលើកដំបូង ក្នុងរយៈពេលជាង២ទសវត្សរ៍៕