(បរទេស)៖ នៅថ្ងៃនេះក្រុមហ៊ុន Qualcomm បានប្រកាសបង្ហាញនូវត្រកូល Chipset ជំនាន់ចុងក្រោយរបស់ខ្លួនសម្រាប់បំពាក់នៅលើនាឡិកា (Wearables) រួមមាន Snapdragon W5 និង W5+ SoCs កាលពីប៉ុន្មានម៉ោងមុន។ ដោយឡែកនៅក្នុងនោះ Qualcomm ក៏បានបង្ហាញពីកាលបរិច្ឆេទនៃកិច្ចប្រជុំកំពូល Snapdragon របស់ខ្លួនបន្ទាប់ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

ជារៀងរាល់ឆ្នាំ Qualcomm តែងតែរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់គេនៅរដ្ឋហាវ៉ៃ ហើយឆ្នាំនេះក៏មិនខុសអីពីរាល់ឆ្នាំដែរ ក្រុមហ៊ុននេះនឹងនៅតែបន្តធ្វើនៅរដ្ឋនោះដដែល។ ដោយឡែកមានការផ្លាស់ប្តូរកាលបរិច្ឆេទ ជាទូទៅវាត្រូវបានបា្ររព្ឋឡើងនៅអំឡុងខែធ្នូ ប៉ុន្តែសម្រាប់ឆ្នាំ ២០២២នេះបានរំកិលមកមុខ ១ខែ ខណៈដែលកិច្ចប្រជុំកំពូលនោះនឹងប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៥ ដល់ ១៧ ខែវិច្ឆិកា ឆ្នំា២០២២ខាងមុខនេះ។

តែយ៉ាងណាមិញទាក់ទិននឹងការផ្លាស់ប្តូរការបរិច្ឆេទនោះក្រុមហ៊ុន Qualcomm មិនបានលើកឡើងជាក់លាក់ពីមូលហេតុដែលគេផ្លាស់ប្តូរកិច្ចប្រជុំកំពូល Snapdragon ទៅខែវិច្ឆិកា សម្រាប់ឆ្នាំ២០២២នោះឡើយ។ ជាមួយគ្នានេះត្រូវបានគេលើកឡើងថា Qualcomm ទំនងជាផ្តោតសំខាន់ទៅលើទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ដែលមានការលក់កើនឡើងយ៉ាងខ្លាំងសម្រាប់បុណ្យចូលឆ្នាំចិន។

ព្រោះជាទម្លាប់ក្រុមហ៊ុនចិន ជាច្រើនតែងតែដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីៗរបស់ពួកគេនៅមុនពិធីបុណ្យចូលឆ្នាំចិននោះ ដែលនេះក៏ទំនងជាហេតុផលនៃការផ្លាស់ប្តូរការបរិច្ឆេទរបស់ Qualcomm ផងដែរ៕