(តូរីន)៖ ក្លិបបាល់ទាត់សេះបង្កង់ Juventus ទិញបានខ្សែការពារសញ្ជាតិប្រេស៊ីល Gleison Bremer ពីក្លិបស្ថិតក្នុងទីក្រុង Turin ជាមួយគ្នាគឺ Torino ក្នុងតម្លៃ ៤១លានអឺរ៉ូប ដែលត្រូវជំនួសកន្លែងរបស់ខ្សែការពារហូឡង់ Matthijs de Ligt ដែលបានចាកចេញទៅចូលរួមជាមួយ Bayern Munich របស់អាល្លឺម៉ង់នោះ។

កីឡាករដែលមានវ័យទើបតែ ២៥ឆ្នាំខាងលើនេះ បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យ Juventus រយៈពេល ៥ឆ្នាំ ក្រោយពេលចូលលេងបាន ១១០ប្រកួតសម្រាប់ Torino តាំងពីឆ្នាំ២០១៨ មក បន្ទាប់ពីផ្ទេរចេញពីក្លិបក្នុងស្រុក Atletico Mineiro រួចមក។

នារដូវកាលមុន Bremer បានចូលលេង ៣៣ប្រកួតក្នុងចំណោម ៣៨ប្រកួតនៅលីគកំពូល Serie A របស់អ៉ីតាលី និងត្រូវបានបោះឆ្នោតជាប់ជាខ្សែការពារល្អបំផុតប្រចាំរដូវកាលឆ្នាំ២០២១-២២ ថែមទៀតផង៕