(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់នារីជម្រើសជាតិតោកំណាចអង់គ្លេស បានធ្វើដំណើរទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកស្រ្តីអឺរ៉ុប UEFA Women’s European Champions 2022 លើកទី១៣ នៅពេលយកឈ្នះគូប្រជែង ស្រ្តីអេស្ប៉ាញក្នុងលទ្ធផល ២ទល់នឹង១ ក្នុងនាទីបន្ថែមនារាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

កីឡាការិនី Esther Gonzalez ជាអ្នករកបានគ្រាប់បើកឆាកឲ្យអេស្ប៉ាញនៅដើមវគ្គទី២ ដែលធ្វើទិដ្ឋភាពក្នុងកីឡដ្ឋាន Amex មានសភាពអាប់អួរសម្រាប់ម្ចាស់ផ្ទះអង់គ្លេស នៅមុនពេលក្រុមរបស់លោកស្រី Sarina Wiegman រកបានគ្រាប់តាមស្មើ ១-១ វិញនាទី៨៤ ក្នុងម៉ោងធម្មតា។

លេងក្នុងម៉ោងថែម ១៥នាទី ២ដង ទើបតែចាប់ផ្តើមបាន ៦នាទី ខ្សែបម្រើការពារ Stanway រកបានគ្រាប់ទី២ ឲ្យម្ចាស់ផ្ទះអង់គ្លេសបន្តរហូតដល់ចប់ការប្រកួតតែម្តង។

ការទទួលបានជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមស្រ្តីអង់គ្លេសឈានទៅវគ្គ ៤ក្រុមចុងក្រោយជាលើកទី៤ ជាប់ៗគ្នាក្នុងពានរង្វាន់ធំៗផងដែរ និងរក្សាកំណត់ត្រាលេងមិនចាញ់កើនដល់ ១៨ប្រកួត ស្ថិតក្រោមការដឹកនាំរបស់លោកស្រី Wiegman និងត្រៀមជួបគូប្រជែងស្រ្តីស៊ុយអែត ឬប៊ែលហ្សិកដែលត្រូវប្រកួតវគ្គ ៨ក្រុមចុងនារាត្រីថ្ងៃសៅរ៍ គ្រាដែលស្រ្តីអេស្ប៉ាញបានធ្លាក់ត្រឹមវគ្គ ៨ក្រុមនេះជាលើកទី៣ ផងដែរ៕