(បរទេស)៖ ក្រុមហ៊ុន Microsoft បានឱ្យដឹងថា ខ្លួនកំពុងបើកការស៊ើបអង្កេតទៅលើការគាំង (ដាច់ភ្លើង) កម្មវិធី Microsoft Teams អស់ជាច្រើនម៉ោង ប៉ុន្តែមិនបានបង្ហាញពីព័ត៌មានលម្អិតទាក់ទងនឹងចំនួនអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Downdetector.com បានឱ្យដឹងថា កម្មវិធី Microsoft Teams បានជួបបញ្ហានៅម៉ោងប្រមាណជា ១០យប់ ដោយក្នុងនោះមានអ្នករាយការណ៍ពីបញ្ហានេះនៅទូទាំងពិភពលោកប្រមាណជា ៤៨០០នាក់ ប៉ុន្តែសម្រាប់ចំនួនអ្នកប៉ះពាល់ផ្ទាល់ជាក់ស្ដែងនោះមិនត្រូវបាន Microsoft បញ្ជាក់ឱ្យដឹងឡើយ។

ក្រុមហ៊ុន Microsoft បានបង្ហើបឱ្យដឹងថា នៅពេលនេះ ក្រុមការងារជំនាញកំពុងតែស៊ើបអង្កេតទៅលើការគាំងនេះ ប៉ុន្តែមិនបានបញ្ជាក់ថានឹងបង្ហាញរបាយការណ៍ស្រាវជ្រាវនោះជាសាធារណៈនោះទេ។

បញ្ជាក់នេះ កាលពីខែតុលាឆ្នាំមុន ក្រុមហ៊ុន Meta Platforms ធ្លាប់បានជួបប្រទះផងដែរ ដោយបានគាំងរហូតដល់ ៦ម៉ោង ដែលបណ្ដាលអ្នកប្រើប្រាស់ឱ្យកម្មវិធី WhatsApp, Instagram និង Messenger ខ្ទង់ពាន់លាននាក់បានជួបបញ្ហា៕