(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង និងវិទ្យាស្ថានខេមអេដ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីលើកកម្ពស់ភាពជាដៃគូក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ ជាមួយនឹងកម្មវិធីហាត់ការ ទស្សនកិច្ចសិក្សា និងឱកាសការងារជាច្រើននៅក្រុមហ៊ុន ជីប ម៉ុង សម្រាប់សិស្ស និងនិសិ្សតខេមអេដ បន្ទាប់ពីបញ្ចប់ការសិក្សា។ ការចុះហត្ថលេខា បានរៀបចំឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅវិទ្យាស្ថានខេមអេដ។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ជីប ម៉ុង បានបង្ហាញអារម្មណ៍រីករាយលើកិច្ចសហការជាដៃគូជាមួយវិទ្យាស្ថានខេមអេដ ដើម្បីអភិវឌ្ឍសមត្ថភាពសិស្ស និងនិស្សិតខេមអេដ ដែលជាធនធានដ៏មានតម្លៃ។ លោកបានថ្លែងថា៖ «កិច្ចសហការនេះនឹងបើកឱកាសឱ្យពួកគេទទួលបានបទពិសោធន៍ការងារជាក់ស្ដែង ជាពិសេសបញ្រ្ជាបការយល់ដឹងអំពីវិស័យសំខាន់ៗ និងពាណិជ្ជកម្មចម្រុះរបស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីយកចំណេះដឹងល្អៗទាំងនេះទៅអនុវត្តក្នុងការសិក្សា ក៏ដូចជាត្រៀមខ្លួនសម្រាប់ការងារនាពេលអនាគត»

ក្នុងពិធីចុះអនុស្សរណៈយោគយល់នេះផងដែរ លោក Casey Barnett នាយកវិទ្យាស្ថានខេមអេដ បានឱ្យដឹងថា៖ «កិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវភាពរីកចម្រើន ទាំងសម្រាប់ក្រុមហ៊ុន ជីប ម៉ុង ទាំងវិទ្យាស្ថានខេមអេដ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សជារួមនៅកម្ពុជា»។ បន្ថែមពីលើនេះ លោកក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពាណិជ្ជកម្មដ៏សម្បូរបែប រួមទាំងចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ផងដែរ។

ក្រុមហ៊ុន ជីប ម៉ុង តែងតែគិតគូរជាចម្បងលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយផ្ដល់ឱកាសការងារជាច្រើន ជាពិសេសបានបង្កើតសកម្មភាពអភិវឌ្ឍន៍នានាសម្រាប់យុវជនកម្ពុជា ដូចជា កម្មវិធីអាហារូបករណ៍ ជីប ម៉ុង ពិព័រណ៍ការងារ កម្មវិធីហាត់ការ ទស្សនកិច្ចសិក្សានៅក្រុមហ៊ុន និងពាណិជ្ជកម្មនានា កម្មវិធីអាហារូបករណ៍សិក្សាលើជំនាញ STEM ជាដើម។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន ជីប ម៉ុង កំពុងរីកលូតលាស់យ៉ាងឆាប់រហ័សជាមួយនឹងពាណិជ្ជកម្មពហុវិស័យ ដែលរួមមាន ការផលិតនិងនាំចូលសម្ភារសំណង់ ការអភិវឌ្ឍអចលនទ្រព្យ ការចែកចាយគ្រឿងឧបភោគបរិភោគ រោងចក្រភេសជ្ជៈ ផ្សារទំនើប សណ្ឋាគារ ធនាគារ ទីលានវាយកូនហ្គោល ជាដើម ដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋ និងឯកជន ទាំងក្នុង និងក្រៅប្រទេស និងបានបង្កើតឱកាសការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនខ្មែរ។

ព័ត៌មានបន្ថែមទាក់ទងនឹងឱកាសការងារនៅក្រុមហ៊ុន ជីប ម៉ុង សូមចូលទៅកាន់៖

* គេហទំព័រ៖ https://careers.chipmong.com/
* ទំព័រហ្វេសប៊ុក៖ https://www.facebook.com/groups/chipmongcareer/
* Telegram: https://t.me/chipmong