(បរទេស)៖ មួយរយៈចុងក្រោយនេះមានព័ត៌មានលេចធ្លាយជាច្រើនទាក់ទងនឹងនឹងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Samsung ដែលគ្រោងធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ប៉ុន្តែតាមរបាយការណ៍ចេញផ្សាយម្សិលមិញនេះ Samsung ផ្ទាល់បានបញ្ជាក់ជាផ្លូវការហើយថាគេ ពិតជាបើកព្រឹត្តិការណ៍ប្រកាសចេញទូរសព្ទអេក្រង់បត់ជំនាន់ថ្មី នៅក្នុងខែសីហាខាងមុខនេះមែន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

តាមការបញ្ជាក់ ព្រឹត្តិការណ៍ Galaxy Unpacked បន្ទាប់របស់ Samsung នោះនឹងធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ ដែលចាប់ផ្តើមពីម៉ោង ៨យប់តទៅ ម៉ោងនៅក្នុងប្រទេសខ្មែរ។ ចំពោះការព្រឹត្តិការណ៍នោះនឹងមានការផ្សាយបន្តផ្ទាល់នៅលើ YouTube ក៏ដូចជានៅលើ Samsung.com ផងដែរ។

យ៉ាងណាមិញនៅក្នុងព្រឹត្តការណ៍ខាងមុខ Samsung ក៏បានឱ្យដឹងបន្ថែមពីឧបករណ៍ដែលគ្រោងដាក់បង្ហាញនោះរួមមាន វត្តមាន Galaxy Z Flip 4 និង Galaxy Z Fold 4 លើសពីនេះទៅទៀតនាឡិកាឆ្លាតវៃ Galaxy Watch5 និង Galaxy Buds ថ្មីក៏នឹងត្រូវបានដាក់បង្ហាញវត្តមានជាមួយគ្នាផងដែរ៕