(ប៉ារីស)៖ ក្នុងឱកាសបំពេញភារកិច្ចនាទីក្រុងប៉ារីស ប្រទេសបារាំង ពាក់ព័ន្ធនឹងកិច្ចការងាររៀបចំផែនការនិងទិសដៅ១០ឆ្នាំបន្ថែមទៀតរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានចូលរួមជាកិត្តិយសក្នុងវេទិកាថ្ងៃនៃបណ្តាញក្រុមប្រឹក្សាផ្នែកកិច្ចសហប្រតិបត្តិការនិងសកម្មភាពវប្បធម៌ (Journées du réseau des conseillers de coopération et d'actions culturelles) នៅក្រសួងអឺរ៉ុបនិងការបរទេសបារាំង។
លោកស្រី Catherine COLONNA រដ្ឋមន្រ្តីក្រសួងអឺរ៉ុបនិងការបរទេសបារាំង បានថ្លែងនូវកិច្ចស្វាគមន៍នូវវត្តមានរបស់លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា និងប្រតិភូកម្ពុជាទាំងអស់នាពេលនោះ ព្រមទាំងសម្តែងនូវការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានឆន្ទះដ៏មោះមុតបំផុតក្នុងការសម្រេចបាននូវជោគជ័យលើការងារអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
គួរជម្រាបថា វេទិកាថ្ងៃនៃបណ្តាញក្រុមប្រឹក្សាផ្នែកកិច្ចសហប្រតិបត្តិការនិងសកម្មភាពវប្បធម៌នេះធ្វើឡើងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២៕