(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន៦ ចូលរួម ដែលក្នុងនោះមានដូចជា៖ ធនាគារស្ថាបនា ហាងម៉ាស្ទ័រស៊ុគីស៊ុប ផ្សារទំនើបម៉ាក្រូ CGTI, EL@H និង CENTURY ២១។
ក្រុមហ៊ុនទាំងនេះ នឹងនាំយកឱកាសការងារសរុប ចំនួន១,០០៣ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/នស្សិត និងអ្នកស្វែងរកការងារធ្វើ។ វេទិកាការងារនេះ ធ្វើឡើងចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅថ្ងៃទី២៨ ខែកក្កដា ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នាឱកាសនេះដែរ កញ្ញា ម៉ៃ សត្យាពេជន៍ មន្ត្រីជាន់ខ្ពស់ ជ្រើសរើសបុគ្គលិកនៃធនាគារស្ថាបនា បានលើកឡើងថា កន្លងមកស្ថាបនា បានសហការជាមួយ NEA ជាច្រើនលើកមកហើយ ក្នុងការជ្រើសរើសបុគ្គលិក ហើយក៏បានចូលរួមពិព័រណ៌ការងារថ្នាក់ជាតិកន្លងមកផងដែរ។
កញ្ញា ម៉ៃ សត្យាពេជន៍ បានចាត់ទុក NEA ជាស្ថានប័នរដ្ឋមួយដ៏សំខាន់សម្រាប់ជួយដល់និយោជក និងនិយោជិត ជួបគ្នា ហើយក៏ជាកន្លែងសម្រាប់អ្នកមានបំណងផ្លាស់ប្តូរការងារអាចផ្លាស់ប្តូរការងារផងដែរ។
កញ្ញាបានបន្ថែមថា ស្ថាបនា នឹងនាំយកឱកាសការងារជាង ៣០០កន្លែង ក្នុងមុខជំនាញជាច្រើនសម្រាប់អ្នក ដែលចង់ស្វែងរការងារធ្វើនៅតាម បណ្តាសាខារបស់ស្ថាបនា។ អ្នកមានបទពិសោធន៍ក្តី និងគ្មានបទពិសោធន៍ ក៏អាចចូលរួមដាក់ពាក្យ និងសម្ភាសជាមួយស្ថាបនាបានដែរ។
បន្ថែមពីនេះទៀត កញ្ញា ម៉ៃ សត្យាពេជន៍ បានរំពឹងថា ការចូលរួមសហការជាមួយ NEA នេះ នឹងរួមចំណែកដ៏សំខាន់ ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ធ្វើអោយមានឱកាសជួបសម្ភាសន៍ ការងារផ្ទាល់ជាមួយតំណាងក្រុមហ៊ុន។
សូមបញ្ជាក់ដែរថា វេទិកាការងារនេះ នឹងត្រូវរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍សុខាភិបាល ស្របតាម ការណែនាំរបស់ក្រសួងសុខាភិបាល គឺ «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើស រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារសម្រាប់ ភាគីនិយោជក និងអ្នកស្វែងរកការងារ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕