(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការ G.A.C.P ប្រទេសអាល្លឺម៉ង់ កំពុងជួសជុលក្បាច់ចម្លាក់កំបោរបាយអរ និងថ្មភក់តាមជញ្ជាំងតួប៉មឥដ្ឋទី៨របស់ប្រាសាទបាគង ដែលកំពុងទទួលរងការខូចខាត។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា តួប៉មឥដ្ឋទី៨របស់ប្រាសាទបាគងនេះ កំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយថ្មភក់និងកំបោរបាយអរមានការពុកផុយរបេះធ្លាក់បន្តិចម្ដងៗ។
ការជួសជុលដែលចាប់ដំណើរការពីដើមឆ្នាំ២០២២មកនេះ បានផ្តោតសំខាន់ទៅលើការងារពង្រឹងក្បាច់ចម្លាក់មួយចំនួន ដែលនៅសេសសល់តាមជញ្ជាំងប្រាសាទកុំឱ្យខូចខាតបន្តទៀត។ ដោយប្រើប្រភេទកាវពិសេសម្យ៉ាងឈ្មោះ Ethyl silicate បញ្ជ្រាបចូលក្នុងសាច់ថ្មដែលពុកផុយ និងបិទភ្ជិតតាមស្នាមប្រេះនានា ដើម្បីឱ្យចម្លាក់មានភាពរឹងមាំឡើងវិញ។
គម្រោងនេះត្រូវប្រើពេលយ៉ាងតិចក៏២ឆ្នាំដែរ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ឆ្នាំ២០២៣ខាងមុខ៕