(សៀមរាប)៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរជាយូរលង់ណាស់មកហើយ អាជ្ញាធរជាតិអប្សរាមិនបានហាមឃាត់ការជួសជុលផ្ទះសម្បែង បន្ទប់ទឹក ចង្ក្រានបាយ ឬរោងចិញ្ចឹមសត្វរបស់ពួកគាត់ឡើយ តែនៅពេលត្រូវការសាងសង់ ឬជួសជួលលំនៅស្ថានរបស់ខ្លួន ពួកគាត់ត្រូវតែដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា តាមរយៈអាជ្ញាធរភូមិ ឃុំដែលនៅជិតបំផុត។ ចំពោះសំណង់ដែលបានសាងសង់រួចដោយគ្មានច្បាប់អនុញ្ញាត ត្រូវរុះរើចេញវិញ។
គួរជម្រាបថា យោងតាមសេចក្តីសម្រេចលេខ៧០សសរ ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ បានកំណត់ថា ប្រជាពលរដ្ឋដែលមានលំនៅឋាន និងរស់នៅយូរលង់ណាស់មកហើយ អាចបន្តរស់នៅតទៅទៀតដោយមិនតម្រូវឱ្យចាកចេញពីភូមិដ្ឋានឡើយ។ អ្នកភូមិទាំងនោះអាចរុះរើ ជួសជុលផ្ទះចាស់ ទ្រុឌទ្រោម ដើម្បីសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់បាន ដោយមានការអនុញ្ញាតពីអាជ្ញាធរអប្សរា ក៏ប៉ុន្តែរាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត។
លោក ឡូយ អ៊ាត អាយុ៦២ឆ្នាំ រស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប បានឱ្យដឹងថា លោករស់នៅក្នុងមូលដ្ឋាននេះជាច្រើនឆ្នាំមកហើយ ពោលគឺនៅមុនឆ្នាំ១៩៩៣ ដោយទទួលបានកេរមរតកជាដីធ្លីទាំងនេះពីដូនតាមក។
លោកបន្តថា ដើមឡើយលំនៅឋានរបស់លោក មានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង តែលោកមិនហានដាក់ពាក្យស្នើសុំជួសជុលឡើយ ព្រោះយល់ថាអាជ្ញាធរជាតិអប្សរាមិនអនុញ្ញាត។ តែក្រោយមកលោកក៏ទទួលបានព័ត៌មានតាមការផ្សព្វផ្សាយពីក្រុមការងារសហគមន៍ថា ប្រជាពលរដ្ឋដែលរស់នៅយូរលង់ណាស់មកហើយ អាចស្នើសុំជួសជួលផ្ទះចាស់ទ្រុឌទ្រោមបាន ទើបលោកសម្រេចចិត្តដាក់ពាក្យស្នើសុំជាបន្តបន្ទាប់រហូតអាចជួសជុលលំនៅឋានរបស់លោកបានល្អប្រសើដូចសព្វថ្ងៃ។
លោកបន្តទៀតថា ថ្មីៗនេះ លោកទើបទទួលបានលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា បន្ទាប់ពីលោកបានដាក់ពាក្យស្នើសុំដើម្បីតសំយាបប្រវែង៣ម៉ែត្ររៀបចំជាពីរបន្ទប់ និងចាក់សាបខាងក្រោមផ្ទះ ដើម្បីសម្រួលដល់ការរស់នៅ ព្រោះថាកូនៗដែលមានចំនួន៨នាក់កាន់តែធំ ក៏ត្រូវរៀបចំបន្ទប់សម្រាប់ពួកគេ។
បុរសវ័យ៦២ឆ្នាំខាងលើបានរៀបរាប់ទាំងក្តីសប្បាយរីករាយទៀតថា លោកពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានរស់នៅនិងអាស្រ័យផលក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះថារមណីយដ្ឋានអង្គរទាំងមូលបានផ្តល់ឱ្យរូបលោក និងប្រជាពលរដ្ឋដទៃទៀតនូវប្រាក់ចំណូលពីវិស័យទេសចរមិនចេះរីងស្ងួត។
ចំណែកលោកស្រី ឈិន បូលីន អាយុ៧១ឆ្នាំ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក បានរៀបរាប់ថា លោកស្រីបានរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាយូរឆ្នាំណាស់មកហើយ។ ចំណែកការសុំច្បាប់សាងសង់ ឬជួសជុលផ្ទះមានភាពងាយស្រួល មិនមានភាពស្មុគស្មាញអ្វីឡើយ ដោយធ្វើឡើងតាមរយៈភូមិ ឃុំ និងបន្តទៅអាជ្ញាធរជាតិអប្សរាប៉ុណ្ណោះ និងមានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះមកពិនិត្យទៅតាមអ្វីដែលបានស្នើសុំ។
លោក នង សុវណ្ណារិទ្ធ អនុប្រធានលេខាធិការដ្ឋានសហគមន៍បានឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរជាយូរលង់ណាស់មកហើយ អាជ្ញាធរជាតិអប្សរាមិនបានហាមឃាត់ការជួសជុលផ្ទះសម្បែង បន្ទប់ទឹក ចង្ក្រានបាយ ឬរោងចិញ្ចឹមសត្វរបស់ពួកគាត់ឡើយ តែនៅពេលត្រូវការសាងសង់ ឬជួសជួលលំនៅស្ថានរបស់ខ្លួន ពួកគាត់ត្រូវតែដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា តាមរយៈអាជ្ញាធរភូមិ ឃុំដែលនៅជិតបំផុត។
លោកបន្តថា រាល់ការដាក់ពាក្យស្នើសុំរបស់ប្រជាពលរដ្ឋមិនតម្រូវឱ្យបង់ប្រាក់ឡើយ តែពួកគាត់ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីដែលមានការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់។
សូមបញ្ជាក់ថា ៦ខែដើមឆ្នាំ២០២២នេះ ក្រុមការងារលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុល និងសាងសង់តូចតាចចំនួន៩២៧សំណើ ក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៦៨៣សំណើ។
យោងខ្លឹមសារសំខាន់ៗនៃបទបញ្ជាលេខ០២ ប.ប ស្តីពីការទប់ស្កាត់ និងលុបបំបាត់អំពើអនាធិបតេយ្យនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប បានកំណត់ថា អាជ្ញាធរជាតិអប្សរាជាស្ថាប័នផ្តាច់មុខក្នុងការចេញលិខិតអនុញ្ញាតសាងសង់សម្រាប់ការស្ថាបនាទាំងឡាយក្នុងរង្វង់តំបន់រមណីយដ្ឋានអង្គរ។ សំណង់ដែលបានសាងសង់រួចដោយគ្មានច្បាប់អនុញ្ញាត ត្រូវរុះរើចេញវិញ។
អាជ្ញាធរជាតិអប្សរាត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់ការអនុវត្តជាបន្ទាន់បំផុតនូវការចុះស្រង់ស្ថិតិឈ្មោះជនល្មើស និងទីតាំងនីយមួយៗឱ្យបានច្បាស់លាស់ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ជាធរមាន និងត្រូវទប់ស្កាត់មិនឱ្យមានអំពើអនាធិបតេយ្យ កើតឡើងជាថ្មីនៅតំបន់ទាំងពីរនេះតទៅទៀតឡើយ។
ជាមួយគ្នានោះដែរ ដើម្បីសម្ដែងនូវការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានចូលរួមគោរពច្បាប់ក្នុងការស្នើសុំច្បាប់ជួសជុល និងសាងសង់ផ្ទះ កន្លងមក អាជ្ញាធរជាតិអប្សរាក៏ធ្លាប់បានផ្តល់ប័ណ្ណសរសើរដល់ប្រជាពលរដ្ឋដែលបានសាងសង់ផ្ទះខ្មែរ ស្របទៅតាមប្លង់ស្ថាបត្យកម្មដែលអាជ្ញាធរជាតិអប្សរាប្រគល់ជូន៕