(អឺរ៉ុប)៖ លោក Rob Chakraverty ដែលជាវេជ្ជបណ្ឌិតរបស់ក្លិប Wolverhamton Wanderers បានឲ្យដឹងថា សម្រាប់របួសដែលបានកើតឡើងទៅលើខ្សែប្រយុទ្ធឆ្នើម Raul Jimenez ត្រង់ជង្គង់ និងក្រលៀននោះ មិនទាន់ច្បាស់ថា អាចសម្រាកព្យាបាលប៉ុន្មានសប្តាហ៍នោះទេ ពេលការប្រជែងលីគអង់គ្លេសខិតជិតមកដល់។
ខ្សែប្រយុទ្ធសញ្ជាតិមិចសិច Jimenez បានទទួលរងរបួសនេះនៅក្នុងការប្រកួតមិត្តភាព Pre-season មុនបើករដូវកាលថ្មីរបស់គេទលនឹងក្លិប Besiktas ដោយយកឈ្នះ ៣-០ ដោយរូបគេបានបង្ហាញថា មានភាពមិនស្រួលត្រង់តំបន់ទាំងពីរនៃរាងកាយនេះ។
ក្នុងនោះក្លិប Wolves ក៏បានឲ្យដឹងថា Jimenez មានបញ្ហាត្រង់សរសៃផ្នែកកណ្តាលនៃជង្គង់ និងនៅតំបន់មួយនៃក្រលៀនរបស់គាត់ផងដែរ ដ្បិតមិត្តរួមក្រុម Hwang Hee-chan ក៏វិលត្រឡប់មកហ្វឹកហាត់វិញហើយ ខណៈការប្រកួតដំបូងនៃរដូវកាលថ្មីលីគអង់គ្លេស Premier League 2022-23 ក៏ជិតចូលមកដល់ដែលត្រូវប៉ះក្រុម Leeds United នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២៕