(បាសេឡូណា)៖ ក្លិបយក្សអេស្ប៉ាញ FC Barcelona បានព្រមព្រៀងជាមួយក្រុមរួមលីគ Sevilla ក្នុងការទិញយកខ្សែការពារកណ្តាល Jules Kounde ក្នុងតម្លៃដែលត្រូវបានគេរាយការណ៍ថាមាន ៤១.៨៥លានផោន។

ក្រុមរងជើងឯក La Liga រដូវកាលមុនបានបញ្ជាក់ថា ការចុះកិច្ចសន្យានឹងត្រូវបានធ្វើឡើង ក្រោយពេលកីឡាករបារាំង វ័យ ២៣ឆ្នាំបានធ្វើតេស្តសុខភាពរួចរាល់នៅទឹកដី Camp Nou ដែលទើបបានបង្ហាញខ្លួន ១១ប្រកួតជាមួយក្រុមមាន់គកបារាំងនាពេលកន្លងមក គិតចាប់តាំងពីឆ្នាំ២០២១ មក។

Kounde ក៏មានទំនាក់ទំនងផ្ទេរទៅក្លិបអង់គ្លេស តោខៀវ Chelsea ផងដែរ ដ្បិតខ្សែការពាររូបនេះចូលលេងបាន ១៣៣ប្រកួតជាមួយ Sevilla និងឈ្នះពាន UEFA Europa League ក្នុងរដូវកាលដំបូងរបស់លោកផងដែរ ក្រោយពេលផ្ទេរមកពីក្លិបក្នុងស្រុក Bordeaux ក្នុងឆ្នាំ២០១៩ និងជាក្លិបទី៣ របស់គេទៀតផង។

រូបគេក៏បានចូលលេងផងដែរ ពេលបារាំង យកឈ្នះអេស្ប៉ាញ ២ទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League កាលពីឆ្នាំទៅ។ Kounde បានក្លាយជាកីឡាករថ្មីទី៣ របស់ FC Barcelona ក្នុងរដូវកាលដោះដូរកីឡាករ មុនបើករដូវកាលថ្មីនាខែក្រោយ ក្រោមការបង្វឹករបស់លោក Xavi Hernandez ក្រោយការមកដល់របស់ខ្សែបម្រើ Franck Kessie និងខ្សែការពារ Andreas Christensen៕