(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan Motor Co បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួននៅត្រីមាសទី២ នៃឆ្នាំ២០២២ បានធ្លាក់ចុះក្នុងចំនួនដ៏ច្រើនបំផុតមួយ ដែលបណ្តាលមកពីការកើនឡើងនៃតម្លៃវត្ថុធាតុដើម និងការរំខានផលិតកម្មពីការរាំងខ្ទប់ COVID-19។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

តាមរយៈការចេញផ្សាយបានឱ្យដឹងថា លទ្ធផលប្រាក់ចំណេញសម្រាប់រយៈពេល៣ខែ ចន្លោះខែមេសា ដល់ខែមិថុនា បានធ្លាក់ចុះខ្ទង់ ១៤ភាគរយ បើគិតជាទឹកប្រាក់ទទួលបានប្រហែល ៤៧៨.០៨លានដុល្លារអាមេរិក។ ខណៈដែលប្រាក់ចំណូលដែលរកបាន មានការកើនឡើងបន្តិច ដោយមានចំនួនប្រហែល ៣៣៧.៣៨លានដុល្លារអាមេរិក បើយោងតាមទិន្នន័យរបស់ Refinitiv។

យ៉ាងណាមិញ Nissan ក៏មិនខុសអីពីក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតនោះទេ ដោយបានតស៊ូជាមួយនឹងកង្វះខាតបន្ទះឈីបជាសកល ហើយបានព្រមានថា ខ្លួននៅតែរំពឹងយ៉ាងមុតមាំថាការចំណាយលើវត្ថុធាតុដើម និងការដឹកជញ្ជូននៅតែជាបញ្ហាចោទ ដែលវាអាចនឹងកើនឡើងតម្លៃប្រហែល ១.៥ដងក្នុងឆ្នាំសារពើពន្ធនេះ ហើយទំនងជាអាចនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ខាងមុខឯណោះ។

បើតាមការបញ្ជាក់របស់ Nissan ផ្ទាល់សម្រាប់ត្រីមាសទី២ នៃឆ្នាំ២០២២នេះ ការផលិតរថយន្តជាសកលរបស់ខ្លួនបានធ្លាក់ចុះខ្ទង់ ២៦.៥ភាគរយសម្រាប់ខែមេសា ដោយអះអាងថាការបញ្ហាទាំងនេះបណ្តាលមកពីកង្វះខាតបន្ទះឈីប។ ដោយឡែកផលិតកម្មសកលបានកើនឡើងក្នុងខែឧសភា ខ្ទង់ ១.៧ភាគរយ ដែលវាជាការកើនឡើងជាលើកដំបូងរបស់ខ្លួនចាប់តាំងពីខែមិថុនាឆ្នាំមុនមកម្លេះ ប៉ុន្តែបន្ទាប់មកត្រូវបានធ្លាក់ចុះមកវិញខ្ទង់ ០.៨ភាគរយនៅក្នុងខែមិថុនា៕