(ក្រុងឡុងដ៍)៖ លោក Terry Neill ដែលជាអតីតកីឡាករសំខាន់របស់ក្លិបកាំភ្លើងធំ Arsenal កាលពីអំឡុងឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៧០ នោះ បានទទួលមរណភាពហើយដោយជរាពាធ ក្នុងវ័យ ៨០ឆ្នាំ។

បុរសដែលបានកើតនៅទីក្រុង Belfast នៃប្រទេសអៀរឡង់ខាងជើងនោះ បានក្លាយជាប្រធានវ័យក្មេងជាងគេក្នុងក្លិប Arsenal ដោយទើបមានវ័យ ២០ឆ្នាំប៉ុណ្ណោះដែលបានលេងជាង ២៧០ប្រកួតនៅទឹកដី Emirates និងត្រឡប់មកធ្វើ ជាគ្រូបង្វឹកក្លិបដែលស្ថិតនៅទីក្រុង London មួយនេះវិញ ពេលលោកមានវ័យ ៣៤ឆ្នាំ និងបានដឹកនាំក្រុមនេះឈានទៅវគ្គផ្តាច់ព្រ័ត្រពាន FA Cup ចំនួន ៣លើកជាប់ៗគ្នា។

លោក Neill ដែលបានចាប់កំណើតក្នុងឆ្នាំ១៩៤២ បានផ្តើមលេងបាល់ទាត់ក្នុងក្លិបយុវជន Bangor មុនផ្លាស់ចេញមកលេងឲ្យ Arsenal ក្នុងឆ្នាំ១៩៥៩ នៃតម្លៃខ្លួន ២៥០០ផោន ដ្បិតខ្សែការពាររូបនេះ ក៏ធ្លាប់ចូលលេងបាន ៥៩ប្រកួតនៃក្រុមជម្រើសជាតិអៀរឡង់ខាងជើង និងធ្លាប់ដឹកនាំក្រុមនៅអឺរ៉ុបនេះទៀតផង។

កាលនោះ លោក Terry Neill បានចូលលេងក្នុងក្រុមធំ Arsenal នៅពេលលោកមានវ័យទើបតែ ១៨ឆ្នាំប៉ុណ្ណោះ និង ២ឆ្នាំក្រោយមកបានក្លាយជាប្រធានក្រុមដែលបានកំពុងកាន់កំណត់ត្រានេះដល់បច្ចុប្បន្ន៕