(ឡុងដ៍)៖ ក្លិប Crystal Palace បានចុះហត្ថលេខានាំយកខ្សែការពារលំដាប់អន្តរជាតិ សញ្ជាតិអាមេរិក Chris Richards មកពីក្លិប Bayern Munich លើកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើតាមការអះអាងពីក្លិបទាំងពីរ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

សារព័ត៌មាន BBC បានរាយការណ៍ថា Palace នឹងចំណាយប្រាក់ដំបូង ៨.៥លានផោន (១០.៣៣ លានដុល្លារ) សម្រាប់ការនាំយកខ្សែការពារកណ្តាល វ័យ ២២ឆ្នាំរូបនេះ ជាមួយនឹងថ្លៃផ្ទេរអាចកើនឡើងដល់ ១១លានផោន បូកនឹងប្រាក់បន្ថែមទៀត។

Richards បានទៅដល់ក្លិប Bayern កាលពីឆ្នាំ២០១៨ ក្រោយផ្លាស់មកពីក្លិប FC Dallas ដោយដំបូងឡើយ បានចុះកិច្ចសន្យាលេងខ្ចីជើង មុនពេលផ្ទេរជាអចិន្ត្រៃយ៍កាលពីខែមករា។

ខ្សែការពាររូបនេះ បានបង្ហាញខ្លួន ១០ប្រកួតសម្រាប់ Bayern Munich បន្ទាប់ពីចាប់ផ្តើមបង្ហាញខ្លួន នៅក្នុងក្រុមជម្រើសដំបូងនាឆ្នាំ២០២០។

Richards បានជាប់លេង ៨លើកក្នុងក្រុមជម្រើសជាតិអាមេរិក ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង ក្នុងឆ្នាំ២០២០។

លោកបានក្លាយជាកីឡាករដែលបានចុះកិច្ចសន្យាទី៤ របស់ក្លិប Palace ក្នុងរដូវកាលដោះដូរកីឡាករនេះ បន្ទាប់ពីការទៅដល់នៃខ្សែបម្រើ Cheick Doucoure, ខ្សែប្រយុទ្ធ Malcolm Ebiowei និងអ្នកចាំទី Sam Johnstonnee៕