(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានក្រើនរំឮកដល់កីឡាករ-កីឡាការិនី នៃក្រុមជម្រើសជាតិរបស់ខ្លួន នឹងពង្រឹងការហ្វឹកហាត់ឲ្យបានខ្លាំង ដើម្បីសម្រួចសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ពិសេសម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ នៅវៀតណាម ត្រូវខំប្រឹងការពារឲ្យខានតែបាន ខណៈអ្នកផ្សេងៗ ត្រូវបង្កើនមេដាយឲ្យបានខ្ពស់ ក្នុងនាមជាម្ចាស់ផ្ទះ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ដ សម្រាប់ឆមាសទី២ ឆ្នាំ២០២៣ និងឆ្នាំ២០២៣ របស់សហព័ន្ធ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាផងដែរ។

ប្រមុខសហព័ន្ធខាងលើបានសង្កត់ធ្ងន់ថា ការដណ្ដើមបានជ័យជម្នះរបស់កីឡាករ-កីឡាការិនី នៅវៀតណាម គឺមិនទាន់គ្រប់គ្រាន់នោះទេ។ ដូច្នេះកីឡាករ-កីឡាការិនីទាំងអស់ ត្រូវខំប្រឹងហ្វឹកហាត់ទ្វេគុណ ដើម្បីសម្រួចសមត្ថភាពឲ្យបានកាន់តែខ្លាំង ឆ្ពោះទៅសម្រេចគោលដៅដណ្ដើមមេដាយមាស ៩គ្រឿង ដែលគណៈកម្មាធិការជាតិ CAMSOC បានដាក់សន្ទស្សន៍មេដាយនេះ ដល់សហព័ន្ធ។

លោកបន្ដថា «ការមុនយើងហ្វឹកហាត់ ១០០% យើងដណ្ដើមបានមេដាយមាស ៣គ្រឿង។ អ៊ីចឹងការការពារមេដាយមាស ៣ ត្រូវតែបាន...។ ទន្ទឹមជាមួយការការពារមេដាយមាស ៣គ្រឿងនេះ យើងត្រូវបង្កើនមេដាយទៀត ក្នុងនាមយើងជាម្ចាស់ផ្ទះ។ ខ្ញុំជឿថា ប្អូនៗទាំងអស់គ្នា នឹងអាចធ្វើបាន ប្រសិនបើប្អូនៗខិតខំព្យាយាមបន្ថែមទៀត ដោយគោរពវិន័យហ្វឹកហាត់បានខ្ជាប់ខ្ជួនតាមផែនការហ្វឹកហាត់របស់គ្រូ»

ក្នុងនាមប្រធានសហព័ន្ធ លោក អ៊ូ រតនា បានប្ដេជ្ញាពួតដៃជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដើម្បីដោះស្រាយរាល់បញ្ហា បង្កើនសាមគ្គីភាពផ្ទៃក្នុង ក៏ដូចជាស្វែងរកដៃគូឧបត្ថម្ភនានា សម្រាប់គាំទ្រ និងជំរុញលើកទឹកចិត្តដល់ការខំប្រឹងរបស់កីឡាករ-កីឡាការិនី។ មួយវិញទៀត លោកក៏បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធ ដែលបានលះបង់ពេលវេលា និងធនធាន ក្នុងស្មារតីរួមចំណែកជំរុញការអភិវឌ្ឍវិស័យកីឡាវ៉ូវីណាមកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ៕