(តូក្យូ)៖ ក្រុមហ៊ុន Sony Group Corp របស់ប្រទេសជប៉ុននៅថ្ងៃសុក្របានកាត់បន្ថយការព្យាករណ៍ប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ខ្លួនចំនួន ៤ ភាគរយមកនៅត្រឹម ៨.៣៧ ពាន់លានដុល្លារ ខណៈក្នុងនោះក៏បានកាត់បន្ថយការរំពឹងទុកពីវិស័យហ្គេមសំខាន់ៗរបស់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ Sony បានកែសម្រួលការព្យាករណ៍ប្រាក់ចំណេញប្រចាំឆ្នាំសម្រាប់វិស័យហ្គេមរបស់ខ្លួនប្រមាណ ១៦ភាគរយ ដោយលើកហេតុផលថា ទាំងនេះបណ្តាលមកពីកំណើនធ្លាក់ចុះនៃការលក់ហ្គេមទៅឱ្យ Developer រួមទាំងការចំណាយមួយចំនួនទៅលើការទិញយកក្រុមហ៊ុនហ្គេម Bungie ក៏ត្រូវបានរាំងស្ទះដោយសារតែកិច្ចព្រមព្រៀងត្រូវបានបិទមុនកំណត់។

យ៉ាងណាមិញក្រុមហ៊ុន Sony ក៏បានបង្ហើបពីប្រាក់ចំណេញក្នុងរយៈពេល ៣ខែមុននេះផងដែរ ដែលគិតចាប់ពីខែឧសភា ដល់ខែមិថុនា ដែលខ្លួនរកបានមានចំនួនប្រហែល ២.៣លានដុល្លារអាមេរិក( ៣០៧ ពាន់លានយ៉េន) ដែលវាស្ថិតក្នុងចំនួនកើនឡើងខ្ទង់ ៣ភាគរយបើធៀបទៅនឹងប្រាក់ចំណេញជាមធ្យមដែលប៉ានស្មានប្រហែល ២.២លានដុល្លារអាមេរិក (២៨៩ពាន់លានយ៉េន) បើយោងតាមអ្នកវិភាគក្រុមហ៊ុន Refinitiv។

គួរបញ្ជាក់ដែរថា របាយការណ៍ខាងលើនេះគឺជាការព្យាករណ៍ទាំងមូលសម្រាប់ឆ្នាំ ២០២២នេះ ខណៈដែលរបាយការណ៍ជាក់លាក់សម្រាប់ត្រីមាសទី ២នៃឆ្នាំ២០២២ នេះមិនទាន់ចេញផ្សាយជាសាធារណៈនោះទេ។ ដូច្នេះសរុបជារួមមកយើងនឹងអាចឃើញប្រាក់ចំណេញរបស់ Sony កើនឡើងខ្ពស់ដូចទៅនឹងឆ្នាំមុន ដែលក្រុមហ៊ុននេះរកបានប្រាក់ចំណេញសុទ្ធប្រមាណ ៩ពាន់ពាន់លានដុល្លារអាមេរិកឯណោះ៕