(អាមេរិក)៖ តារាសម្តែងហូលីវូដល្បីឈ្មោះ Johnny Depp ដែលទើបតែបញ្ចប់រឿងក្តីជាមួយអតីតភរិយានាពេលថ្មីៗនេះ ត្រូវបានរាយការណ៍មកថា កើបប្រាក់បានរហូតដល់៣លានផោន ឬខ្ទង់៥លានដុល្លារ ក្នុងរយៈពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រកាសលក់ស្នាដៃគំនូរសិល្បៈរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

Depp បានប្រកាសនៅលើបណ្តាញសង្គម Instagram ពីការដាក់លក់ស្នាដៃគំនូរសិល្បៈរបស់ខ្លួន ដោយបញ្ជាក់ថា មានលក់នៅទីតាំង និងនៅលើគេហទំព័រ Castle Fine Arts និង London’s Covent Garden។ ទន្ទឹមគ្នានេះ តែ១ម៉ោងប៉ុណ្ណោះ ក្រោយការប្រកាស រូបគំនូរស្នាដៃរបស់លោក ស្រាប់តែលក់អស់ ៧៨០ផ្ទាំងភ្លាម ដោយប្រមូលបានប្រាក់សរុបដល់ទៅ ៥លានដុល្លារ។

ស្នាដៃគំនូរបស់ Depp មានឈ្មោះថា The Friend And Heroes ដែលលោកបានគូរពីបុគ្គលជួយបំផុសគំនិតដល់រូបលោកផ្ទាល់ ក្នុងនោះរួមមាន តន្ត្រីករជើងចាស់ Keith Rechards, តារាហូលីវូដស្រី Elizabeth Taylor, តារាប្រុស Al Pacino និងតារាចម្រៀង Bob Dylan។

មូលហេតុដែល Depp គូរគំនូររបស់បុគ្គលទាំងបួនរូបនេះឡើង ត្រូវបានលោកផ្ទាល់អះអាងថា «ខ្ញុំតែងតែប្រើសិល្បៈនៃការគូររូប ដើម្បីបង្ហាញពីអារម្មណ៍របស់ខ្ញុំ។ គំនូររបស់ខ្ញុំនីមួយៗ បញ្ជាក់ពីជីវិតនៅជុំវិញខ្លួនរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានរក្សាវាទុកសម្រាប់ខ្លួនខ្ញុំ ជាយូរមកហើយ ទម្រាំបញ្ចេញ និងដាក់លក់នៅពេលនេះ...»៕