(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត Karanvir Kukreja ប្រធានយុទ្ធនាការប្រចាំអាស៊ីអាគ្នេយ៍ (សត្វចិញ្ចឹម) នៃអង្គការ FOUR PAWS បានឱ្យដឹងថា ក្រោមយុទ្ធនាការ ហាមឃាត់ការជួញដូរសាច់សត្វឆ្កែ ឆ្មា គិតមកដល់ពេលនេះសង្កេតឃើញថា នៅតាមតំបន់ផ្សេងៗដូចជា ទីក្រុងហាណូយ នៅប្រទេសវៀតណាម ខេត្តសៀមរាប ប្រទេសកម្ពុជា និងបណ្តាខេត្តជាច្រើនក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងត្រូវបានហាមឃាត់ការជួយដូរសាច់សត្វឆ្កែ ឆ្មា។

លោកវេជ្ជបណ្ឌិត Karanvir Kukreja បានលើកឡើងដូចនេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២នេះ ក្នុងឱកាសដែលអង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS បានប្រារព្ធពិធីប្រគល់ញត្តិរបស់ប្រជាពលរដ្ឋចំនួន ៣៣,០០០នាក់ ដែលបានចុះហត្ថលេខាលើញត្តិអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការជួញដូរសាច់ឆ្កែ និងឆ្មា តាមរយៈ យុទ្ធនាការ «នេះមិនមែនវៀតណាម» ទៅកាន់រដ្ឋាភិបាល ប្រទេសវៀតណាម។

លោកវេជ្ជបណ្ឌិត Karanvir Kukreja បានឱ្យដឹងទៀតថា អ្វីដែលយើងទទួលបានក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ គឺជាការឆ្លើយតបដែលមិនគួរឱ្យជឿមួយទៀត ពីប្រជាជនវៀតណាមសម្រាប់ការគាំទ្រយន្តការនេះ។ ការឆ្លើយតបនេះគឺជារលកមួយទៀត នៃការអំពាវនាវឱ្យមានការហាមប្រាមជាបន្ទាន់លើការសម្លាប់ដ៏ព្រៃផ្សៃ ព្រមទាំងការលក់សាច់សត្វឆ្កែ និងឆ្មា។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការជួញដូរនេះមិនត្រឹមតែផ្តល់ការប៉ះពាល់សម្រាប់សត្វប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់សុខភាពរបស់មនុស្សផងដែរ ដូចជាជំងឺឆ្កែឆ្កួតជាដើម។ ការជួញដូរនេះមិនសមមាននៅក្នុងសង្គមទំនើប និងសង្គមដែលមានវប្បធម៌សម្បូរបែបនោះទេ ហើយរដ្ឋាភិបាលក៏មិនអាចព្រងើយកន្តើយ នឹងសំឡេងរបស់ប្រជាជន ភាគច្រើនរបស់ខ្លួននោះឡើយ។

អ្នកស្រី Ninh Phuong Thao អ្នកសម្របសម្រួលគម្រោងការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា នៃអង្គការ FOUR PAWS (វៀតណាម) បានឱ្យដឹងដែរថា ក្នុងនាមជា ប្រជាជន វៀតណាម លោកស្រីមិនភ្ញាក់ផ្អើលទេ ដែលឃើញលទ្ធផល នៃការស្ទង់មតិឆ្នាំ២០២១ បានបង្ហាញថា ប្រជាជនវៀតណាមចំនួន ៨៨% នឹងគាំទ្រការបញ្ឈប់ ការជួញដូរ សាច់សត្វឆ្កែ និងសត្វឆ្មា រួមទាំង ៩៥%ទៀត បានគាំទ្រយុទ្ធនាការ នេះមិនមែនវប្បធម៌វៀតណាមទេ។

កញ្ញា Mau Thuy ដែលជាតារាសម្តែង និងជាបង្កើតមាតិកាម្នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាវាគ្មិន ក៏បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះការអំពាវនាវ ឱ្យបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា ដោយបានបញ្ជាក់ថា ក្នុងនាមជាជនជាតិវៀតណាម ដែលបានជួបមនុស្សគ្រប់មជ្ឈដ្ឋាន កញ្ញាអាចនិយាយបានថា ភាគច្រើនមិនចូល រួមក្នុងការជួញដូរសាច់ឆ្កែ និងឆ្មា សូម្បីតែអ្នកបរិភោគក៏ដោយ។

សូមបញ្ជាក់ដែរថា អ្នកចូលរួមកម្មវិធីនេះក៏បានចុះហត្ថលេខាលើបន្ទះក្តារពណ៌ស ដែលរៀបចំដោយអង្គការ FOUR PAWS ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត និងចូលរួម ជាមួយភាគី ពាក់ព័ន្ធសំខាន់ៗផ្សេងទៀត និងមនុស្សរាប់លាននាក់ ដែលបានបង្ហាញពីអារម្មណ៍របស់ពួកគេក្នុងការបញ្ឈប់ការជួញដូរនេះផងដែរ៕