(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានយកឈ្នះលើការប៉ាន់ប្រមាណរបស់ Wall Street លើប្រាក់ចំណូល និងបង្កើតកំណត់ត្រាប្រាក់ចំណូលថ្មីសម្រាប់ត្រីមាសទី ២នៃឆ្នាំ ២០២២ ជាមួយនឹងការប្រកាសលទ្ធផលដ៏គួឱ្យភ្ញាក់ផ្អើលមួយ បើទោះបីជាមានការខ្វះខាតបន្ទះឈីប និងបញ្ហាប្រឈមនៃខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់ Apple សម្រាប់រយៈពេល ៣ខែរវាងខែមេសា ដល់ ខែមិថុនាបានបង្ហាញថា ប្រាក់ចំណូលដែលខ្លួនរកបានក្នុងមួយភាគហ៊ុនមានតម្លៃ ១.២០ដុល្លារ បើធៀបទៅនឹង ១.១៦ដុល្លារដែលប៉ានស្មានដោយអ្នកវិភាគ Wall Street។ បើទោះបីជាចំនួននេះបានកើនឡើងបន្តិចក៏ពិតមែន ក៏ប៉ុន្តែ Apple បានសង្កត់ធ្ងន់ថាវានៅតែមានការធ្លាក់ចុះខ្ទង់ ៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយគ្នានេះប្រាក់ចំណូលដែល Apple រកបានសរុបមានចំនួនប្រហែល ៨៣ពាន់លានដុល្លារ ដែលត្រូវបានគេមើលឃើញថាបានកើនឡើងខ្ទង់ ២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្ថិតនៅក្នុងកម្រិតព្យាករណ៍ខ្ពស់ថ្មីមួយរបស់អ្នកវិភាគដែលមានត្រឹមតែ ៨២.៨១ពាន់លានដុល្លារប៉ុណ្ណោះ។ ខណៈប្រាក់ចំណូលសរុបទាំងនេះត្រូវបាន Apple បញ្ជាក់ថារកបានមកពីប្រភពនៃការលក់ iPhone សុទ្ធទទួលបាន ៤០.៦៧ពាន់លានដុល្លារ បើធៀបទៅនឹងការប៉ាន់ស្មានមានត្រឹមតែ ៣៨.៣៣ពាន់លានដុល្លារប៉ុណ្ណោះ ដែលកើនឡើងខ្ទង់ ៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ទន្ទឹមនឹងនេះប្រាក់ចំណូលដែលរកបានពីសេវាកម្មផ្សេងៗ បានកើនឡើងខ្ទង់ ១២ភាគរយដែលឈានដល់ទំហំទឹកប្រាក់ប្រមាណ ១៩.៦០ពាន់លានដុល្លារអាមេរិក។

ដោយឡែកសម្រាប់ផលិតផលដែលមិនសូវទទួលបានជោគជ័យក្នុងរយៈពេល ៣ខែមុននេះរួមមាន ប្រាក់ចំណូលរបស់ Mac បានធ្លាក់ចុះខ្ទង់ ១០ភាគរយ ដែលរកបានប្រហែល ៧.៣៨ពាន់លានដុល្លារ បើធៀបនឹងការប៉ាន់ស្មានប្រហែល ៨.៧០ពាន់លានដុល្លារ។ ចំណែកឯប្រាក់ចំណូលរបស់ iPad បានធ្លាក់ចុះខ្ទង់ ២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដែលរកបានប្រហែល ៧.២២ពាន់លានដុល្លារ និងប្រាក់ចំណូលដែលរកបានពីការលក់ផលិតផលផ្សេងទៀតទទួលបានប្រហែល ៨.០៨ពាន់លានដុល្លារ ដែលបានធ្លាក់ចុះខ្ទង់ ៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

គួរបញ្ជាក់ដែរថា របាយការណ៍ខាងលើនេះ គឺគ្រាន់តែជាលទ្ធផលបង្ហាញដែល Apple អាចរកបានលើសពីការរំពឹងទុករបស់អ្នកវិភាគ Wall Street ប៉ុណ្ណោះ ចំពោះលទ្ធផលសរុបសម្រាប់ត្រីមាសទី២ នៃឆ្នាំ២០២២ នេះ Apple មិនទាន់ផ្តល់ការណែនាំជាផ្លូវការនោះឡើយ។ ខណៈដែលអ្នកវិភាគនាំគ្នារំពឹងថា ក្រុមហ៊ុនលំដាប់ខ្នាតយក្សនេះទំនងជាចេញផ្សាយរបាយការណ៍ផ្លូវការក្នុងអំឡុងត្រីមាសទី ៣ខាងមុខនេះ៕