(ភ្នំពេញ)៖ នៅទីបំផុត តារាសម្ដែងស្រីស្អាត អៀ ម៉េងលិ ហៅស្រីលិ បានប្រកាសជាសាធារណៈនៅថ្ងៃនេះថា នាងបានចែកផ្លូវគ្នាយ៉ាងពិតប្រាកដ ជាមួយនឹងគូស្នេហ៍របស់ខ្លួន ដែលបានទំនាក់ទំនងគ្នាជិតស្និទ្ធ អស់រយៈពេល ៥ឆ្នាំមកហើយ។ ការប្រកាសចែកផ្លូវគ្នាជាមួយសង្សារដ៏គួរឲ្យភ្ញាក់ផ្អើលនេះ តារាសម្ដែងស្រីស្អាត អៀ ម៉េងលិ ក៏បានបង្ហាញពីភាពឈឺចាប់ជាច្រើន អំឡុងពេលមានទំនាក់ទំនងនឹងគ្នា ដែលមិនអាចទ្រាំបាន ទើបសម្រេចចិត្តចែកផ្លូវជាស្ថាពរតែម្ដង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺនាងសូមផ្សង១លានជាតិ កុំឲ្យជួបបុរសម្នាក់នោះទៀត។

តារាសម្ដែងចូលចិត្តបញ្ចេញដើមទ្រូងសិចស៊ី គួរឲ្យគ្រឺតខ្នាញ់ស្រីស្អាត អៀ ម៉េងលិ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា រយៈពេល៥ឆ្នាំមកនេះ នាងបានទ្រាំនឹងការឈឺចាប់ច្រើនណាស់ ជាមួយសង្សាររបស់នាង ហើយការបែកគ្នាលើកនេះ គឺមិនអាចជួបវិញបានទេ ជាពិសេសនាងសូមផ្សងកុំឲ្យជួបគ្រប់ជាតិ មិនថាជាតិនេះ មួយពាន់ជាតិ ឬមួយលានជាតិទៀត ក៏មិនចង់ជួបដែរ។ អៀ ម៉េងលិ បន្តថា ប្រសិនបើមហាជន ឬក៏មនុស្សស្រីដូចគ្នា បានដឹងពីបញ្ហារបស់នាងជាមួយសង្សារ គឺច្បាស់ជាសរសើរនាងថា ហេតុអ្វីអាចនៅទ្រាំបានរហូតដល់ ៥ឆ្នាំ?

ក្នុងសំឡេងខ្សឹកខ្សួវអួលដើមក អៀ ម៉េងលិ បាននិយាយថា «បញ្ហាធ្ងន់បង..! ធ្ងន់ខ្លាំង ធ្ងន់រហូតដល់ទ្រាំលែងបាន..! បើមនុស្សជុំវិញខ្លួនដឹងរឿងខ្ញុំ គេច្បាស់ជាថា ហេតុអីខ្ញុំនៅទ្រាំដល់បាន៥ឆ្នាំ? តែខ្ញុំអត់ចង់និយាយរឿងអីច្រើនទេ គ្រាន់តែដឹងថា គឺខ្ញុំសូមផ្សងថាកុំឲ្យជួប មិនថាជាតិនេះ មួយពាន់ជាតិ មួយលានជាតិ ប៉ុន្មានជាតិក៏ដោយ គឺកុំឲ្យជួប តែបើជួបត្រូវម្នាក់ហ្នឹង (សង្សារ) សងខ្ញុំវិញឲ្យអស់។ អ្វីដែលគេធ្វើដាក់ខ្ញុំ បើសិនជាជួបត្រូវសងខ្ញុំវិញឲ្យអស់ តែបើសិនជាអស់កម្មនឹងគ្នាមានន័យថា ជាតិមុនខ្ញុំជំពាក់គេ អ៊ីចឹងត្រូវតែដាច់ត្រឹមជាតិហ្នឹង គឺអត់ឲ្យផ្សងជួបទេ..!»

តារាស្រីបង្កប់ដោយមន្តស្នេហ៍រយពាន់ អៀ ម៉េងលិ បានបន្ថែមទៀតថា គ្មានអ្នកណាចង់បែកបាក់គ្នាទេ តែមកពីអស់ការទ្រាំ ស្មោះពេក ស្រឡាញ់ពេក ទុកចិត្តពេក គ្រប់យ៉ាងគឺសុទ្ធតែមកពីពាក្យ «ពេក» នាងបានបង្ហាញពីភាពស្មោះនឹងសង្សារតែម្នាក់នេះ រយៈពេល៥ឆ្នាំ បងប្អូនគិតមើលទៅ នាងមិនដែលគិតសូម្បី ក្បត់ កុហក បោកប្រាស មួយដងក៏មិនដែលគិត តែសង្សាររបស់នាងគិតចេញគ្រប់យ៉ាង ។ អៀ ម៉េងលិ ទ្រាំដល់៥ឆ្នាំ ទទួលយកកំហុសគេគ្រប់យ៉ាង ព្រោះតែមិនចង់មានពាក្យ មនុស្សស្រីប្រុសច្រើន តែពេលនេះ គឺអស់ការទ្រាំហើយ..!។

ជាមួយនឹងការប្រកាសពីការចែកផ្លូវគ្នានេះ តារាសម្ដែងស្រីស្អាត អៀ ម៉េងលិ ក៏បានផ្ដែផ្ដាំដល់មនុស្សស្រីផ្សេងទៀត ពេលដែលបានជួបជាមួយនឹងបុរសម្នាក់នេះ (អតីតសង្សារ) គឺសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអ្វីៗដែលនាងបានឆ្លងកាត់កន្លងមក គឺទទួលបានមកវិញ នូវភាពឈឺចាប់ជូរចត់ហារថ្លែងពុំបាន និងបានទុកជាបទពិសោធស្នេហាមួយ សម្រាប់ថ្ងៃក្រោយពេលនាងជួបជាមួយអ្នកថ្មី។

សូមបញ្ជាក់ថា តារាសម្ដែង និងជាតារាម៉ូដែលស្រី កញ្ញា អៀ ម៉េងលិ មានទំនាក់ទំនងចំណងស្នេហ៍យ៉ាងជិតស្និទ្ធជាមួយលោក វិន ប៊ុនលក្ម្សី ហៅសកល ជានិស្សិតបានទៅនៅប្រទេសអង់គ្លេស អស់រយៈពេល៥ឆ្នាំមកហើយ។ ជារឿយៗពួកគេទាំងពីរ តែងតែបង្ហាញពីភាពផ្អែមល្ហែម ស្និទ្ធស្នាលនឹងគ្នាមិនសូវដាច់ តាមរយៈបណ្ដាញសង្គម។ ប៉ុន្តែកន្លងមកពួកគេទាំងពីរ ក៏ធ្លាប់មានរឿងរកាំរកូស ជាមួយគ្នាជាច្រើនលើកមកហើយដែរ រហូតដល់ពេលនេះស្រាប់តែប្រកាសជាថ្មីថា នឹងចែកផ្លូវគ្នាគ្មានថ្ងៃជួបវិញ៕