(ភ្នំពេញ)៖ ក្រុមហ៊ុនភ្នំពេញមេឌីយ៉ា ហៅកាត់ថា PPML បានប្រារព្ធពិធីអបអរខួប២៨ឆ្នាំរបស់ខ្លួន ជាមួយនឹងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាលើវិស័យផ្សព្វផ្សាយ ដែលជាស្នូលក្នុងការទាក់ទាញអ្នកវិនិយោគថ្នាក់ជាតិនិងអន្តរជាតិមកវិនិយោគក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

គួរបញ្ជាក់ថា ក្រុមហ៊ុន PPML ជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម Out-Of-Home (OOH) ឈានមុខគេបង្អស់នៅប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ដោយលោក ឌុក ឌៀន Founder/CEO។

កម្មវិធីត្រូវបានប្រព្រឹត្តឡើងយ៉ាងឱឡារឹកនៅសណ្ឋាគារ Rosewood Phnom Penh នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ជាមួយកិត្តិយសយ៉ាងឧត្តុង្គឧត្តមនៃការស្តេចយាងចូលរួមរបស់សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ក៏ដូចជាការចូលរួមយ៉ាងកុះករពីបណ្តាសំណាក់ក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិ ក៏ដូចជាសហគ្រាសធំៗទូទាំងប្រទេសកម្ពុជា ដែលជាដៃគូសហការរបស់ក្រុមហ៊ុន PPML ដោយមានដូចជាក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនអាហារនិងភេសជ្ជៈ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនបរិក្ខារនិងសំណង់ ក្រុមហ៊ុនរថយន្ត ធនាគារ ក្រុមហ៊ុនធានារ៉ាប់រ៉ង ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មសាធារណការនានា និងបណ្តាក្រុមហ៊ុន MEDIA និង Agency ជាច្រើនទៀតផងដែរ។

ការប្រារព្ធពិធីអបអរខួប២៨ឆ្នាំរបស់ក្រុមហ៊ុន PPML ជារូបភាពមួយបង្ហាញពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាលើវិស័យផ្សព្វផ្សាយ ដែលជាស្នូលទាក់ទាញអ្នកវិនិយោគថ្នាក់ជាតិនិងអន្តរជាតិមកវិនិយោគក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ បទពិសោធន៍សេវាកម្ម និងបច្ចេកវិទ្យាលើការផ្គត់ផ្គង់ការផ្សព្វផ្សាយដ៏ទំនើបក្នុងចង្វាក់ផលិតកម្ម ធ្វើឱ្យក្រុមហ៊ុន PPML ឈរជើងនៅលំដាប់ថ្នាក់លេខមួយទូទាំងប្រទេសកម្ពុជា ក្នុងវិស័យផ្សព្វផ្សាយ OOH និងរហូតដល់ថ្នាក់ទទួលបានពានរង្វាន់ផ្កាយមាសលើគុណភាពលំដាប់អន្តរជាតិ (International Gold Star for Quality Award)។

ក្នុងការបើកកម្មវិធីអបអរខួប២៨ឆ្នាំរបស់ក្រុមហ៊ុន PPML លោក ឌុក ឌៀន អគ្គនាយកនិងជាប្រធានក្រុមហ៊ុន បានថ្លែងរំលឹកពីប្រវត្តិនិងបទពិសោធន៍រយៈពេល២៨ឆ្នាំក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម Out-Of-Home ក៏ដូចជាបានយល់ច្បាស់ពីចក្ខុវិស័យនិងឆន្ទះដ៏មុះមត់ដែលក្រុមហ៊ុន PPML ប្រកាន់ភ្ជាប់ក្នុងការបម្រើលើវិស័យវិនិយោគទុន ដែលជាផលប្រយោជន៍ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិតាំងពីថ្ងៃដំបូងនៃការបង្កើតក្រុមហ៊ុនមកម្ល៉េះ។

ក្នុងឱកាសនោះ ក្រុមហ៊ុន PPML ក៏បានស្វាគមន៍កញ្ញា Dewa Jessica Douk ដែលជាសិស្សឆ្នើម First Class Honour ទើបបញ្ចប់ការសិក្សាផ្នែក Digital Marketing ពីសាកលវិទ្យាល័យហ្គ្រីនិច (University Of Greenwhich) នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងជាកូនស្រីបង្កើតរបស់លោកអគ្គនាយកក្រុមហ៊ុនផ្ទាល់ ដែលកញ្ញានិងត្រៀមខ្លួនមកធ្វើជានាយកផ្នែកប្រតិបត្តិ (Managing Director) របស់ក្រុមហ៊ុន PPML។ កញ្ញាជាយុវជនជំនាន់ក្រោយដែលពោរពេញទៅដោយចំណេះ និងសមត្ថភាពដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការចូលរួមចំណែកអភិវឌ្ឍ និងពង្រីកវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម Out-Of-Home ក៏ដូចជាវិស័យ Digital Marketing របស់ប្រទេសកម្ពុជានាថ្ងៃខាងមុខ។

ក្រុមហ៊ុនក៏មានការដាក់បង្ហាញជូនទស្សនានៅ Photo Gallery ដែលជាសមិទ្ធផលនិងអនុស្សាវរីយ៍តាំងពីឆ្នាំ១៩៩៤មក ក៏ដូចជាការតាំងបង្ហាញនៅផលិតផលជាទម្រង់ 3D ពិសេសដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលសេវាកម្ម និងការវិវត្តរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន PPML មកទល់ពេលបច្ចុប្បន្ន៕