(ភ្នំពេញ)៖ តារាចម្រៀងបែយុវវ័យ កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេដឹងថា នាងបានចេញវីដេអូចម្រៀងមួយគឺ «Top of the lady» កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ដែលទទួលបានការកោតសរសើរជាច្រើន ទូទាំងប្រទេសកម្ពុជា និងបណ្តាប្រទេសជិតខាងជាច្រើន។

មានអ្នកគាំទ្រជាច្រើនរបស់តារាចម្រៀង ទេព បូព្រឹក្ស នៅលើបណ្តាញសង្គម Facebook នៅតែទន្ទឹងរង់ចាំស្នាដៃបន្តបន្ទាប់របស់នាង ដោយការចូលទៅ Comment សួរផ្ទាល់នៅលើ Facebook របស់បូព្រឹក្ស។ ថ្មីៗនេះ កញ្ញា ទេព បូព្រឹក្ស បានប្រកាសនៅក្នុងបណ្តាញសង្គម Facebook របស់នាងផ្ទាល់ថា «នាងនឹងធ្វើការចេញបទចម្រៀងថ្មីមួយទៀត មុននឹងការចេញ Album លើកទី១ របស់នាងក្នុងពេលឆាប់ៗនេះ»

តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ជាក់ឲ្យដឹងថា បទចម្រៀង និងវីដេអូចម្រៀងថ្មីមួយដែលនាងនឹងចេញ ក្នុងពេលឆាប់ៗនេះ គឺមានរសជាតិ និងអារម្មណ៍ប្លែកខុសគ្នាឆ្ងាយពី «Top of the lady» បែប៣៦០ដឺក្រេតែម្តង បូករួមទាំងបច្ចេកទេសនៃការថត និងការតុបតែង Set ដើម្បីថត MV នេះគឺមានបែបថ្មី និងមិនដែលមានពីមុនមកនៅក្នុងប្រទេសកម្ពុជា។

មុននឹងការចេញ Album ថ្មីនេះ តារាចម្រៀង ទេព បូព្រឹក្ស បានអញ្ជើញអ្នកគាំទ្ររបស់នាង ឲ្យចូលរួមក្នុងកម្មវិធី TBP Fan Party និងការប្រគំតន្រ្តីលើកទី១ របស់នាងផងដែរ៕