(កណ្តាល)៖ មជ្ឈមណ្ឌលបញ្ជូនសិស្សានុសិស្ស ទៅសិក្សានៅក្រៅប្រទេស SpringBoard4Education Cambodia និងសាលាអន្តរជាតិ វេស្ទលែនដ៍ បានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ផ្ដល់សិទ្ធិជាមជ្ឈមណ្ឌលរៀបចំការប្រឡងភាសាអង់គ្លេស Cambridge Assessment English និងរៀបចំឯកសារសម្រាប់សិស្សានុសិស្សបន្តការសិក្សាទៅក្រៅប្រទេស។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក មៃខល ស្ទីវេន ប៊ឺត, អ្នកគ្រប់គ្រងកម្មវិធីសិក្សាផ្នែកភាសាអង់គ្លេស នៃស្ថាប័នស្ព្រីងប៊ត ៤អេឌ្យូខេសិន ខេមបូឌា និងលោក ថន សុកលីម, នាយកនៃសាលាអន្តរជាតិ វេស្ទលែនដ៍ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

គោលបំណង នៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីសម្រេចនូវគោលដៅរួម ក្នុងការពង្រឹងនូវគុណភាពការសិក្សាផ្នែកភាសាអង់គ្លេស ដែលនឹងនាំមកជូនសិស្សានុសិស្សទាំងអស់ នូវការប្រឡងភាសាអង់គ្លេសអន្តរជាតិ Cambridge Assessment English រួមជាមួយនឹងការផ្សារភ្ជាប់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា និងបរទេសផងដែរ។

កិច្ចសហប្រតិបត្តិការនេះទៀតសោត ក៏នឹងផ្តោតទៅលើការលើកទឹកចិត្ត ដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដែលមានចំណាប់អារម្មណ៍ ទៅលើការបន្តការសិក្សាទៅក្រៅប្រទេស រួមទាំងអ្នកអាណាព្យាបាល ដើម្បីទទួលបានព័ត៌មានបន្ថែមមួយផ្នែកនៅក្នុងវិស័យអប់រំ ឲ្យសមស្របទៅនឹងបរិបទក្នុងការរស់នៅនឹងសិក្សាក្នុងសតវត្សរ៍ទី២១នេះ។

SpringBoard4Education (ស្រ្ពីងប៊ត៤អេឌូខេសិន) ជាស្ថាប័ននាំមុខមួយដែលជាតំណាងសាលា និងសាកលវិទ្យាល័យជាង២៥០ ក្នុងប្រទេសធំៗទាំង៦ដូចជា ចក្រភពអង់គ្លេស អូស្រ្តាលី អាមេរិច កាណាដា ណូវែលសេឡង់ និងសិង្ហបូរី។

ស្រ្ពីងប៊ត ជួយសិស្ស-និស្សិត ដើម្បីបន្តការសិក្សានៅប្រទេសទាំងនោះ ដោយមិនគិតថ្លៃសេវាកម្មតាំងដើមរហូតដល់ចប់ ក្នុងការផ្តល់នូវការប្រឹក្សាចំពោះ សិស្សនិស្សិត និងមាតាបិតា ជួយរៀបចំឯកសារ ដាក់ពាក្យសិក្សា និងស្នើរសុំទិដ្ឋាការសិក្សា រួមជាមួយការស្នើរសុំទិដ្ឋាការសម្រាប់អ្នកអាណាព្យាបាល ការស្វែងរកកន្លែងស្នាក់នៅ និងការណែនាំមុនពេលចេញទៅសិក្សាផងដែរ។

គូសបញ្ជាក់ថា កម្មវិធីប្រឡងភាសាអង់គ្លេស Cambridge Assessment English ជាផ្នែកមួយនៃសាកលវិទ្យាល័យ Cambridge ដែលជួយមនុស្សរាប់លាននាក់ ក្នុងការសិក្សាភាសាអង់គ្លេស និងបង្ហាញសមត្ថភាពរបស់ពួកគេទៅកាន់ពិភពលោក។

លើសពីនេះទៅទៀត គុណសម្បត្តិនៃកម្មវិធីប្រឡងភាសាអង់គ្លេស Cambridge Assessment English គឺជាការប្រឡងភាសាអង់គ្លេសស៊ីជម្រៅ ដែលជំរុញឲ្យកម្រិតភាសាអង់គ្លេសកាន់តែមានប្រសិទ្ធិភាព និងមានការរីកចម្រើនក្នុងការអប់រំទូទៅ ថ្នាក់ឧត្តមសិក្សា និងផ្នែកអាជីវកម្ម។

សាលាអន្តរជាតិ វេស្ទលែនដ៍ ជាគ្រឹះស្ថានអប់រំឯកជនមួយ មានមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងទីក្រុងតាខ្មៅ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ ២១៧២ អ.យ.ក.ប្រក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១។

ថ្លែងក្នងកម្មវិធី លោក ថន សុកលីម នាយកសាលាអន្តរជាតិ វេស្ទលែនដ៍ បានសង្កត់ធ្ងន់ថា «វេស្ទលែនដ៍ ជាជម្រើសនៃគុណភាពអប់រំ និងការសន្សំសំចៃសេដ្ឋកិច្ចគ្រួសារ»។ សិស្សានុសិស្ស ដែលចុះឈ្មោះរៀនកម្មវិធីភាសាអង់គ្លេស នៅ សាលាអន្តរជាតិ វេស្ទលែនដ៍ នឹងបានប្រឡងតេស្ត Cambridge និង IELTS ដោយឥតគិតថ្លៃ។

មិនតែប៉ុណ្ណោះ សិស្សានុសិស្សវេស្ទលែនដ៍ ក៏អាចផ្ទេរការសិក្សាទៅបរទេស ឬបន្តការសិក្សាទៅបរទេស បានដែរ តាមរយៈការសហប្រតិបត្តិការណ៍ជាមួយ ស្ព្រីងប៊ត ៤អេឌ្យូខេសិន ខេមបូឌា។

តួយ៉ាងមានយុវសិស្សវេស្ទលែនដ៍ជាច្រើននាក់ កំពុងបន្តការសិក្សានៅក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី ណូវែលហ្សេឡង់ ចិន ជប៉ុន រុស្សី ថៃ ហើយមួយចំនួន ក៏បានបញ្ចប់ការសិក្សានៅក្រៅប្រទេស និងកំពុងបម្រើការងារនៅទាំងស្ថាប័នរដ្ឋ និងឯកជន។

ក្រៅពីអភិវឌ្ឍកម្មវិធីសិក្សា សាលាអន្តរជាតិ វេស្ទលែនដ៍ ក៏កំពុងគ្រោងអភិវឌ្ឍសម្ភាររូបវន្តជាច្រើនផងដែរ ដូចជា បន្ទប់សិក្សា បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បណ្ណាល័យ សួនកុមារ អាហារដ្ឋាន តារាងបាល់ទាត់ ដើម្បីត្រៀមទទួលសិស្សានុសិស្ស ក្នុងបវេសនកាលថ្មីឆាប់ៗខាងមុខនេះ។ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២២-២០២៣ ចូលរៀនថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២៕