(សៀមរាប)៖ ខេត្តសៀមរាប បានរៀបចំការប្រកួតពានរង្វាន់វាយសីមនុស្សធម៌ឆ្នាំ២០២២ នៅក្លឹបវាយសី SBC ដែលរៀបចំឡើងដោយសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល សាលាអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ Spoon Cambodia និងសាលាអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈEcole Du Bayo និងមូលនិធិកុមារអង្គរ ដើមី្បរកមូលនិធិក្នុងការទ្រទ្រង់ដល់សិស្សក្រីក្រ រៀននៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ក្នុងខេត្តសៀមរាប។

លោក សោម សមស័ក្ត ប្រធានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងការជំរុញលើវិស័យកីឡាវាយសី ដើមី្បជាមនុស្សធម៌ សម្រាប់ការទ្រទ្រង់ដល់សិស្សក្រីក្រ ដែលបានកំពុងបំពេញការសិក្សានៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល និងដើមី្បបង្កើននូវកញ្ចប់មូលនិធិអាហារូបករណ៍ ជូនដល់សិស្សក្រីក្រ ដែលសាលាបានធ្វើការជ្រើសរើសសិស្សក្រីក្រ មកពីបណ្តាខេត្ត ស្រុកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចូលមកសិក្សានៅសាលាសណ្ឋាគារនេះ។

ទន្ទឹមនឹងនោះលោក ក៏បាននាំយកនូវថវិការបស់ លោក ទៀ សីហា ចំនួន៣ពាន់ដុល្លារ ជូនសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល, ៥០០ដុល្លារ ជូនសាលាអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ Spoon Cambodia និង៥០០ដុល្លារទៀត បានជូនដល់សាលាអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ Ecole Du Bayo ផងដែរ។

ដោយឡែកលោក ហ្វ្រង់ ស្វ័រស្នូ បែលីន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ក៏បានថ្លែងអំណរគុណដល់លោកប្រធានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប និងជាម្ចាស់ក្លឹបវាយសី SBC ដែលបានរួមសហការបានល្អ ជាមួយសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ក្នុងការរៀបចំការប្រកួតប្រកបដោយភាព រលូន ទៅតាមបច្ចេកទេសស្តង់ដា អន្តរជាតិទៀតផង។

លោក សោម សមស័ក្ត បញ្ជាក់ថា រៀងរាល់ឆ្នាំសាលាបានចុះធ្រើសរើសសិស្ស នៅតាមមូលដ្ឋាននៃខេត្តឆ្ងាយៗ មកបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈផ្សេងៗ។ ប៉ុន្តែរយៈពេល២ឆ្នាំមកនេះ នៅលើពិភពលោក ជួបនូវវិបត្តិជំងឺកូវិដ-១៩ បានធ្វើឲ្យសាលាមានការខ្វះខាត ក្នុងការទ្រទ្រង់ការសិក្សារបស់សិស្ស។

លោក បានគូសបញ្ជាក់ថា ការប្រកួតវាយសីមនុស្សធម៌នេះ គឺជាកាយវិការដ៏សប្បុរសធម៌ របស់កីឡាករ កីឡាការនី ក្នុងការចូលរួមចលនាមនុស្សធម៌ស្វែងរកថវិកាទ្រទ្រង់ការបណ្តុះបណ្តាលរបស់សាលាខាងលើ៕