(សូឡូ)៖ ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ីហើយ ក្រោយបន្ដយកឈ្នះក្រុមហ្វីលីពីន ដោយលទ្ធផល ១៨-០ពិន្ទុ ក្នុងប្រកួតទី៣ របស់ខ្លួន លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ។

សម្រាប់ការប្រកួតវិលជុំ ផ្នែកបាល់បោះជិះរទេះជនពិការនារី ដែលមានបេក្ខភាពប្រកួតប្រជែង ៤ក្រុមនេះ ក្រុមកីឡាការិនីកម្ពុជា ធ្វើបានយ៉ាងល្អដោយបានយកឈ្នះគូប្រកួតទាំង ៣លើក ដើម្បីឈរកំពូលតារាង បន្ទាប់ពី ២ប្រកួតដំបូង បានយកឈ្នះក្រុមឡាវ ក្នុងលទ្ធផល ១១-៥ពិន្ទុ និងបន្ដយកឈ្នះក្រុមខ្លាំងថៃ ៩-៨ពិន្ទុ កាលពីព្រឹកមិញ។

តាមការបញ្ជាក់របស់មន្ដ្រីសម្របសម្រួល នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា នឹងត្រូវជួបក្រុមថៃនៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងមេដាយមាស នារសៀលថ្ងៃអាទិត្យនេះ។ ក្រុមថៃបានឡើងវគ្គផ្ដាច់ព្រ័ត្រ ព្រោះពួកគេបានឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងចាញ់ ១ ឈរលេខរៀងទី២។ រីឯឡាវ និងហ្វីលីពីន នឹងត្រូវជួបគ្នាដណ្ដើមមេដាយសំរឹទ្ធ៕