(ភ្នំពេញ)៖ សិស្សានុសិស្ស៥រូបតំណាងឲ្យសាលាអន្តរជាតិ វើលដ៍ កម្ពុជា(WISC) បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិ គឺភាសាអង់គ្លេស អន្តរជាតិ Teeneagle ដែលមានបេក្ខភាពមកពី៥០ប្រទេសផ្សេងគ្នា។

សិស្សានុសិស្សទាំង ៥រូបនោះមានដូចជា៖ ១. ពេជ្រ វីរបុត្រ អាយុ១៣ឆ្នាំ ២. សូ នីកូល អាយុ១៤ឆ្នាំ ៣. ឡាច ជននីនាថ អាយុ១៤ឆ្នាំ ៤. កែប បញ្ញាទេពី អាយុ១៥ឆ្នាំ ៥. ហេង ម៉េងហុង អាយុ១១ឆ្នាំ ហើយពួកគេសិក្សានៅកម្រិតបឋម និងមធ្យមសិក្សា នៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា។

លោកនាយកសាលាអន្តរជាតិ វើលដ៍ កម្ពុជា(WISC) សាខាទួលគោក Mr. William Ombongi និងនាយកកម្មវិធីសិក្សា Mr.Bill Bahati បានបង្ហាញភាពរីករាយ និងមានមោទនភាព ចំពោះសិស្សានុសិស្សទាំង៥រូបធ្វើជាតំណាង សាលាអន្តរជាតិ វើលដ៍ កម្ពុជា(WISC) ក៏ដូចជាប្រទេសកម្ពុជា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្រិតអន្តរជាតិ។ សមិទ្ធិផលទាំងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលភាគច្រើនជាគ្រូបង្រៀនភាសាអង់គ្លេសរបស់យើង Mr.Owolabi Kelvin, Mr.Salmon Steven និង Ms.Ruby Albayalde មាតាបិតា ឬអ្នកអាណាព្យាបាល សិស្សានុសិស្ស និងថ្នាក់ដឹកនាំសាលា វាស្តែងចេញពីការខិតខំប្រឹងប្រែង និងជំរុញលើកទឹកចិត្តសិស្សរបស់យើង រហូតទទួលបានជ័យជំនះល្អបំផុតនេះ។

បើ តាម លោកស្រី សាយ សោភា ស្ថាបនិក និងអគ្គនាយិកា សាលា បាន ឲ្យ ដឹង ថា សិស្សានុសិស្ស បាន ចូល រួម ប្រកួត ជុំ ទី ១ រួច ហើយ តាមរយៈ ប្រព័ន្ធ អនឡាញ នៅកំឡុងពេលខាងមុខ ពួកគេនឹងប្រកួតជុំទីពីរ និងវគ្គផ្តាច់ព្រ័ត្ត ចាប់ពី ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងឡុងដ៍ ផ្ទាល់ជាមួយបេក្ខជនមកពី៥០ ប្រទេសជុំវិញពិភពលោក មានរយៈ ពេល ៨ ថ្ងៃ។

ការ ប្រកួត មានវិញ្ញាសាសំខាន់ ៗដូចជា៖ សំណួរចំណេះដឹងមាន៥០សំណួរពហុជ្រើសរើសដោយផ្អែកលើធនធានដែលបានផ្តល់ឱ្យ និងមានព្រឹត្តិការណ៍ Writing Challenge, Spelling Bee, Persuasive និងSpeaking ផងដែរ។

យោងតាមនាយកក្រុមហ៊ុន Bright Education និង Travel លោក Dovlet Klychnnyazov ដែលជាក្រុមហ៊ុនតំណាងកម្ពុជាសម្រាប់ការប្រកួតជុំទី១ក្នុងស្រុក TEENEAGLE ទទួលស្គាល់ថា សិស្សានុសិស្សត្រូវការវេទិកាសកល ទំនើបកម្ម និងអាចចូលដំណើរការបានដើម្បីសម្រេចបាននូវគោលដៅទាំងនេះ៕