(ព្រះសីហនុ)៖ ដោយទទួលបានការឧបត្ថម្ភ គាំទ្រ និងអញ្ជើញចូលរួមផ្ដល់ជាកិត្តិយសដោយផ្ទាល់ពី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រុមបាល់ទាត់សេនាយុត្តិធម៌ បានរៀបចំដំណើរបេសកកម្មទៅកាន់ខេត្តព្រះសីហនុ តាមខ្សែរថភ្លើងរបស់ ក្រុមហ៊ុន Royal Railway Cambodia ដែលជាការលើកកម្ពស់ការប្រើប្រាស់អយស្ម័យយានរបស់ប្រទេសកម្ពុជា។

ដំណើរបេសកកម្មនេះ មានរយៈពេល៣ថ្ងៃ គឺកាលពីថ្ងៃទី២៩-៣០-៣១ ខែកក្កដា ឆ្នាំ២០២២ ក្នុងគោលបំណងធ្វើការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់ក្រុមសេនាយុត្តិធម៌ និងក្រុមបាល់ទាត់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ក្នុងដំណើរបេសកកម្មនេះ ក្រៅអំពីការប្រកួតបាត់ទាត់មិត្តភាព ក្រុមបាល់ទាត់សេនាយុត្តិធម៌ បានធ្វើទស្សនកិច្ចសិក្សាទៅកាន់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍, កម្មវិធីជិះកង់កំសាន្តទស្សនាឆ្នេរសមុទ្រស្អាតប្រចាំទិសនារតី និងកម្មវិធីទស្សនកិច្ចសិក្សា និងចែកអំណោយនៅមណ្ឌលកុមារកំព្រាខេត្តព្រះសីហនុ ជាដើម។

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមបាត់ទាត់សេនាយុត្តិធម៌ បានថ្លែងថា ការប្រកួតបាត់ទាត់នេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ភាតរភាពរវាងក្រុមបាត់ទាត់សេនាយុត្តិធម៌ និងក្រុមបាល់ទាត់នៃសាលាដំបូង និងអយ្យការខេត្តព្រះសីហនុ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោក កោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ និង លោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការខេត្តព្រះសីហនុ។

ក្រៅពីការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពនេះ ក្រុមបាត់ទាត់សេនាយុត្តិធម៌ បានចុះទស្សនកិច្ចសិក្សានៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងន័យធ្វើយ៉ាងណាឱ្យការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើងទៀត។

លោកបានបន្ថែមថា ក្រុមបាត់ទាត់សេនាយុត្តិធម៌ និងមន្ដ្រីរាជការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក៏បានធ្វើដំណើរដោយជិះកង់កំសាន្តទស្សនាឆ្នេរសមុទ្រស្អាតប្រចាំទិសនារតី ហើយបានធ្វើទស្សនកិច្ចសិក្សានៅមណ្ឌលកុមារកំព្រាខេត្តព្រះសីហនុ ដើម្បីនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់កុមារកំព្រាដែលកំពុងរស់នៅក្នុងមណ្ឌល ផងដែរ។

លោកបានកត់សម្គាល់បន្ថែមថា ក្រុមបាល់ទាត់សេនាយុត្តិធម៌ ជាក្រុមកីឡាករដែលស្ថិតក្នុងវិស័យយុត្តិធម៌ ដោយមានសមាសភាព ដូចជា សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រធាន-អនុប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចៅក្រម ចៅក្រមកម្មសិក្សា សិស្សចៅក្រម ក្រឡាបញ្ជី មេធាវី សារការី និងមន្ត្រីដែលបម្រើការងារក្នុងវិស័យយុត្តិធម៌ ជាច្រើនផ្សេងទៀត។

គួររំលឹកផងដែរថា ក្រុមសេនាយុត្តិធម៌នេះ ក៏ធ្លាប់បានចូលរួមប្រកួតជាមិត្តភាពជាមួយក្រុមបាល់ទាត់ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តនានា នៅប្រទេសកម្ពុជា និងនៅបរទេស ជាច្រើនដងរួចមកហើយផងដែរ៕