(ឡុងដ៍)៖ ខ្សែការពារ Nuno Tavares របស់ក្លិបកាំភ្លើងធំ Arsenal បានចូលរួមជាមួយក្លិបបារាំង Olympique de Marseille ដែលលេងនៅលីគ Ligue 1 លើកិច្ចសន្យាលេងខ្ចីជើង ១រដូវកាល។ នេះបើតាមការប្រកាសពីក្លិបទាំងពីរ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

កីឡាករវ័យ ២២ឆ្នាំរូបនេះបានចូលរួមជាមួយ Arsenal កាលពីខែកក្កដាឆ្នាំមុន ដោយផ្លាស់មកពីក្លិបព័រទុយហ្គាល់ Benfica និងបានបង្ហាញខ្លួន ២៨លើក ក្នុងជម្រើសដំបូង នៅក្នុងការប្រកួតទាំងអស់សម្រាប់ក្លិបដែលលេងនៅលីគកំពូលអង់គ្លេស Premier League ដោយស៊ុតបញ្ចូលទីបាន ១គ្រាប់ និងបញ្ជូនបាល់បាន ២គ្រាប់ដែរ។

Marseille ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ នៅលីគ Ligue 1 កាលពីរដូវកាលមុន និងមានកៅអីលេងពានអឺរ៉ុប UEFA Champions League នោះ ក៏បានផ្លាស់ប្តូរកិច្ចសន្យាលេងខ្ចីជើងរបស់កីឡាករសញ្ជាតិបារាំង Matteo Guendouzi ដែលផ្លាស់មកពីក្លិប Arsenal នោះ ទៅជាកិច្ចសន្យាលេងជាអចិន្ត្រៃយ៍ផងដែរកាលពីដើមខែនេះ៕