(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់នារីអង់គ្លេស បានសម្រេចក្តីស្រមៃរបស់ពួកគេជាប្រវត្តិសាស្រ្ត បន្ទាប់ពីបានសងសឹកក្រុមនារីអាល្លឺម៉ង់ ដើម្បីឈ្នះជើងឯកពានរង្វាន់ Women’s European Championship 2022 ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងទឺកដីរបស់ខ្លួននាកីឡដ្ឋាន Wembley ដែលរកបានលទ្ធផល ២-១ ក្នុងម៉ោងបន្ដែម ដែលដឹកនាំដោយលោកស្រី Sarina Wiegman។

ការប្រកួតបានឈានចូលដល់នាទី១១០ ទើបកីឡាការិនី Chloe Kelly ធ្វើបានសម្រេច និងក្លាយជាវីរៈនារីឆ្នើមប្រចាំក្រុម ដែលរកបានគ្រាប់ជ័យជម្នះឲ្យក្រុមនារីតោកំណាចអង់គ្លេស ក្រោយការប្រកួតស្មើគ្នា ១-១ ពេញម៉ោង ៩០នាទីដំបូង ដ្បិតជាក្រុមនារីអាល្លឺម៉ង់ ជាក្រុមដែលឈ្នះពាននេះច្រើនជាងគេដល់់ទៅ ៨លើក។

នៅចាំបានថា កាលឆ្នាំ២០០៩ ក្រុមអាល្លឺម៉ង់ បានយកឈ្នះអង់គ្លេស ៦-២ ក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ។ ហើយនេះជាការឈ្នះពានបាល់ទាត់នារីអឺរ៉ុបលើកទី១ របស់អង់គ្លេសជាប្រវត្តិសាស្រ្ត ក្រោយរងជើងឯក ២លើក និងលេខ៣ ចំនួន ២លើក។

ក្នុងព្រឹត្តិការណ៍ Euro 2022 នេះ កីឡាការិនី Beth Mead និង Alexandra Popp រកបាន ៦គ្រាប់ស្មើគ្នាក្នុងនាមបេក្ខភាពឈ្នះពានស្បែកជើងមាស (Golden Boot) ខណៈការប្រកួតដែលធ្វើឡើងនៅទឹកដីអង់គ្លេសនេះ មានគ្រាប់ស៊ុតសរុប ៩៥គ្រាប់ ក្នុងចំណោម ៣១ប្រកួត៕