(ឥណ្ឌូនេស៊ី)៖ ក្រុមបាល់ទះអង្គុយជនពិការ ផ្នែកបុរសកម្ពុជា បានយកឈ្នះក្រុមបាល់ទះជនពិការមីយ៉ាន់ម៉ា ៣-១សិត ក្នុងពូល B នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលធ្វើនៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

ជ័យជម្នះនេះបានធ្វើឲ្យពួកគេឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ក្រុមអត្តពលិកកម្ពុជា ដែលកាលពីម្សិលមិញប្រកួតដំបូង បានយកឈ្នះក្រុមហ្វីលីពីន ៣-០សិត ស្ថិតក្នុងពូល B និងធ្វើបានយ៉ាងល្អដោយយកឈ្នះអតីតម្ចាស់មេដាយមាសមីយ៉ាន់ម៉ា ៣-១ នេះ។

ស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាលទ្ធផលបណ្តោះអាសន្នក្រុមកម្ពុជា រកបានមេដាយមាស ២គ្រឿង ដែលធ្វើបានដោយក្រុមអត្តពលិកជនពិការផ្នែកនារី លើកវិញ្ញាសាបាល់បោះជិះរទេះជនពិការនារីកម្ពុជា និងវិញ្ញាសាលោតចម្ងាយផ្នែកនារី៕